ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) អំពាវនាវដល់ក្រសួងស្ថាប័ន សហគ្រាស និងសាធារណជនបង្កើនការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីមានការកើនឡើងជាច្រើនអំពីករណី វាយប្រហារសាយប័រលើវេបសាយ និងប្រព័ន្ធអនឡាញមួយចំនួនក្នុងប្រទេសកម្ពុជាគួរឱ្យកត់សម្គាល់។

តាមសេចក្តីជូនដំណឹងផ្លូវការរបស់ក្រសួង ការវាយប្រហារនោះរួមមាន ការវាយប្រហារ Distribute Denial of Service (DDoS) ការវាយប្រហារលួចចូលគ្រប់គ្រងវិបសាយ និង ការលួចយកគណនីរបស់អ្នកប្រើប្រាស់ ឬអ្នកគ្រប់គ្រងប្រព័ន្ធ។
ការវាយប្រហារទាំងនេះ អាចប៉ះពាល់ដល់ដំណើរការនៃប្រព័ន្ធផ្តល់សេវាអនឡាញ ប្រព័ន្ធដែលមានព័ត៌មានសំខាន់ៗអាចនាំឱ្យលេចធ្លាយ និងការលួចគ្រប់គ្រងកាន់កាប់គណនីរបស់អ្នកប្រើប្រាស់ ឬអ្នកគ្រប់គ្រងប្រព័ន្ធឈានដល់ការលួចព័ត៌មាន ឬលួចចូលគ្រប់គ្រងប្រព័ន្ធជាដើម។
ក្រសួងបានរំលឹកឲ្យសាធារណជន ពង្រឹងការអនុវត្តវិធានការ សន្តិសុខដើម្បីការពារប្រព័ន្ធ ការពារគណនី និងថ្នាលផ្តល់សេវាអនឡាញ តាមរយៈការត្រួតពិនិត្យភាពមិនប្រក្រតីនៃ ការចូលប្រើប្រាស់គណនីពីឧបករណ៍ផ្សេងៗ ដោយប្រើប្រាស់មុខងារសុវត្ថិភាពចាក់សោពីរជាន់ (Two-Factor Authentication) ។
បន្ថែមពីនេះ គប្បីប្រុងប្រយ័ត្នរាល់សារ និងតំណភ្ជាប់ដែលទទួលបានពីប្រភពដែលមិនស្គាល់ បំពាក់ប្រព័ន្ធសុវត្ថិភាពការពារពី ការវាយប្រហារ Distribute Denial of Service (DDoS) ត្រួតពិនិត្យនិងទប់ស្កាត់ការព្យាយាមប៉ុនប៉ងផ្សេងៗដែល អាចធ្វើឱ្យប៉ះពាល់ទៅដល់ប្រតិបត្តិការនៃប្រព័ន្ធ ឬសេវាអនឡាញ។
គួរបញ្ជាក់ថា កន្លងមក ក.ប.ទ. តែងតែផ្សព្វផ្សាយជាប្រចាំដល់សារធារណជនឱ្យមានការប្រុងប្រយ័ត្ន និងការពារខ្លួន អំពីការវាយប្រហារ ឬនិន្នាការឆបោកថ្មីតាមរយៈអ៊ុនធឺណិត និងបណ្តាញសង្គមផ្សេងៗផងដែរ៕
ដោយ៖ ផុន លីហ្សា

