អាជ្ញាធរខេត្តបាត់ដំបងបានឱ្យដឹងថា ក្នុងរយៈពេលពីរថ្ងៃគិតពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ប្រជាពលរដ្ឋចំនួន ២,៩៤៩ នាក់ ក្នុងនោះស្រ្តី១៣៨៣នាក់ និងកុមារចំនួន៥៤នាក់ដែលត្រលប់ចូលមកកាន់ទឹកដីកម្ពុជា តាមរយៈច្រកទ្វារព្រំដែនខេត្តបាត់ដំបង។

លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង បានឱ្យដឹងថាក្នុងចំនួនប្រជាពលរដ្ឋខ្មែរត្រឡប់ចូលប្រទេសវិញតាមច្រកទ្វារព្រំដែនខេត្តបាត់ដំបងជិត៣ពាន់នាក់ខាងលើនេះ មានពលករខ្មែរចំនួន១៧២៧នាក់ ក្នុងនោះស្រ្តី៧៧៥នាក់ ។
របាយការណ៍លម្អិតបញ្ជាក់ថា នៅថ្ងៃទី២៥ខែមិថុនា មានប្រជាពលរដ្ឋឆ្លងចូលកម្ពុជា ១.២៨០នាក់, ស្រី ៥៩៧នាក់, កុមារ ០៨នាក់, ក្នុងនោះពលករចំនួន ៧៧២នាក់, ស្រី ៣២៩នាក់ និងថ្ងៃទី២៦ខែមិថុនាចំនួនប្រជាពលរដ្ឋត្រឡប់ចូលប្រទេសមានការកើនឡើងជាងថ្ងៃម្សិល ដោយប្រជាពលរដ្ឋខ្មែរចូលចំនួន ១.៦៦៩នាក់, ស្រី ៧៨៦នាក់, កុមារ ៤៦នាក់, ក្នុងនោះពលករចំនួន ៩៥៥នាក់, ស្រី ៤៤៦នាក់ ។
គួរបញ្ជាក់ថា ខេត្តបាត់ដំបង មានច្រកទ្វារព្រំដែនឈមជាមួយប្រទេសថៃចំនួន៥ ក្នុងនោះមានច្រកទ្វារអន្តរជាតិពីរ និងច្រកតំបន់៣ រួមមាន ច្រកទ្វារអន្តរជាតិដូង ច្រកទ្វារអន្តរជាតិភ្នំដី និងច្រកទ្វារតំបន់អូរអន្លក់ ច្រកទ្វារតំបន់អូររំដួល និងច្រកទ្វារតំបន់៤០០ ៕
ប្រភព៖ មន្ទីរព័ត៌មានខេត្តបាត់ដំបង


