ប៉ៃលិនរីកចម្រើន! រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ សម្ពោធសមិទ្ធផលគម្រោង «ភូមិសន្តិភាព» ប្រមាណ ១០ លានដុល្លារ

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានៃគម្រោងការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ ខេត្តប៉ៃលិន។ នេះបើតាមការបញ្ជាក់របស់ក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៧ ខែមិថុនា នេះ។

សមិទ្ធផលដែលសម្ពោធរួមមាន៖ ផ្លូវជនបទ ៥ខ្សែ (២៨០០ម៉ែត្រ), សំណង់សិល្បការ្យ ៣កន្លែង, ទំនប់បង្ហៀរ ៣កន្លែង (ប្រវែង ៩០ម៉ែត្រ, ទទឹង ៥ម៉ែត្រ), ស្ថានីយផលិតទឹកផឹកសហគមន៍ ៣កន្លែង (សមត្ថភាពផលិត ៦០ម៉ែត្រគូប/ថ្ងៃ) និងបណ្តាញចែកចាយទឹក ២ ៣៥០ម៉ែត្រ ព្រមទាំងសាលាមត្តេយ្យសហគមន៍ ៣ខ្នង ជាមួយបង្គន់ និងរបងបេតុង (៣៦០ម៉ែត្រ)។

គម្រោងសាងសង់ភូមិសន្តិភាព មានរយៈពេល ៥ឆ្នាំ (២០២២-២០២៦) និងថវិកាប្រមាណ ១០ លានដុល្លារអាមេរិកជាជំនួយឥតសំណងពីមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) ។

ក្រៅពីនេះ គម្រោងខាងលើ បាននិងកំពុងអនុវត្តក្នុងភូមិគោលដៅចំនួន ៣០ភូមិ ក្នុងខេត្តគោលដៅចំនួន ៣ រួមមាន៖ ខេត្តបាត់ដំបងចំនួន ៦ភូមិ, ខេត្តបន្ទាយមានជ័យចំនួន ១២ភូមិ និងខេត្តប៉ៃលិនចំនួន ១២ភូមិ។

ជាមួយគ្នានេះក្រសួងក៏កំពុងជំរុញការអភិវឌ្ឍភូមិគំរូ ដែលបច្ចុប្បន្នក្រសួងបានប្រកាសទទួលស្គាល់ភូមិគំរូ ៣០ភូមិ និងកំពុងអភិវឌ្ឍបន្ថែម ៣៤ភូមិទៀត ព្រមទាំងគ្រោងអភិវឌ្ឍភូមិគំរូយ៉ាងតិច ២៣០ភូមិទូទាំងប្រទេសត្រឹមឆ្នាំ២០២៨៕

ដោយ៖ ផុន លីហ្សា