ក្រុមតន្ត្រីកងទ័ពអាកាសប្រចាំតំបន់ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក បានប្រគុំតន្ត្រីនៅផ្លូវថ្មើរជើង ( Walk Street) កាលពីថ្ងៃអាទិត្យទី២៩ មិថុនា ឆ្នាំ២០២៥ នៅចំណុចមុខវត្តឧណ្ណាឡោម ខណ្ឌដូនពេញ រាជភ្នំពេញ ក្នុងគោលបំណង ដើម្បីអបអរសាទរខួបលើកទី៧៥ឆ្នាំនៃចំណងការទូតកម្ពុជា.អាមេរិក។

លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យ បានបញ្ជាក់ថា ស្របពេលដំណើរទស្សនកិច្ចចន្លោះពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី៤កក្កដា ឆ្នាំ២០២៥ ក្រុមតន្ត្រីកងទព័អាកាសប្រចាំតំបន់ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក បានស្នើសុំរៀបចំការប្រគុំតន្ត្រីនៅផ្លូវថ្មើរជើង ( Walk Street) នារាជធានីភ្នំពេញ ក្នុងន័យចូលរួមអបអរសាទរខួបលើកទី៧៥ឆ្នាំនៃចំណងការទូត ប្រទេសទាំងពីរកម្ពុជា.អាមេរិក រួមទាំងធ្វើការងារមនុស្សធម៏នៅតាមសាលារៀន និងសហគមន៏នានានៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀតផងដែរ។
លោកស្រី ដោ សម្ផស្ស បន្តថា នេះជាលើកទីដំបូងហើយដែលផ្លូវថ្មើរជើង ( Walk Street) ទទួលបានការចាប់អារម្មណ៏ពីកងទ័ពជើងអាកាសរបស់សហរដ្ឋអាមេរិកស្របពេលដែលផ្លូវថ្មើរជើង ( Walk Street) កំពុងទទួលបានការចាប់អារម្មណ៏យ៉ាងខ្លាំងពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំង ក្នុងនិងក្រៅប្រទេស ។

គួរបញ្ជាក់ថា ក្នុងគោលបំណង ដើម្បីទាក់ទាញភ្ញៀវទេសចរ ឲ្យមកលេងកម្សាន្តនៅក្នុងរាជធានីភ្នំពេញ អាជ្ញាធរ បានដាក់ឲ្យដំណើរការសាកល្បងផ្លូវថ្មើរជើង (Walk Street) តាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងខណ្ឌដូនពេញ ។ ផ្លូវថ្មើរជើងនេះ ត្រូវអនុវត្តន៍មួយសប្ដាហ៍២ថ្ងៃ នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់៕
អត្ថបទ៖ ពុទ្ធិកា





