ខូចការធំ! សមត្ថកិច្ចខំស្រាវជ្រាវបទល្មើសដ៏ធំមួយជាង​២សប្តាហ៍ ប៉ុន្តែត្រូវបរាជ័យដោយសារកាសែតម្នាក់ និងបក្ខពួក ចូលឆារឆៅ

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានឱ្យដឹងនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ថា បុគ្គលឈ្មោះ ហ៊ន និងក្រុមបក្ខពួកគាត់ចូលឆារឆៅកិច្ចការងារសមត្ថកិច្ចកំពុងអនុវត្តច្បាប់ ក៏បានធ្វើឱ្យការពន្លាតដែនសមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើសដ៏ធំមួយត្រូវបរាជ័យ។

ក្នុងបណ្តាញសង្គមហ្វេសប៊ុក លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានលើកឡើងថា៖ «បុគ្គលឈ្មោះហ៊ននេះ ជាច្រើនលើកច្រើនសារតែងបង្ករបញ្ហាប៉ះពាល់ខ្ញុំ ប៉ុន្តែខ្ញុំក៏នៅលើកលែងអភ័យឱ្យ ។ យ៉ាងណាក៏ដោយ ម្សិលមិញនេះ ដោយសារគាត់ និងក្រុមបក្សពួកគាត់ចូលឆារឆៅកិច្ចការងារសមត្ថកិច្ចកំពុងអនុវត្តច្បាប់ ក៏បានធ្វើឱ្យការពន្លាតដែនសមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើសដ៏ធំមួយត្រូវបរាជ័យ»។

លោកបានបន្តថា៖ «ខ្ញុំនិងមន្ត្រីរបស់ខ្ញុំជាង១០០នាក់ បូករួមជាមួយមន្ត្រីមកពីនាយកដ្ឋានប្រឆាំងភេរវកម្មអគ្គស្នងការជាច្រើនរូប បានខិតខំស៊ើបអង្កេតស្រាវជ្រាវបទល្មើសនេះជាង២សប្តាហ៍មកហើយ ខិតខំរក្សាការសម្ងាត់ខ្ពស់បំផុត ប៉ុន្តែបុគ្គលឈ្មោះហ៊ន និងបក្សពួក ដើម្បីតែ Views និង Comments ធ្វើឱ្យកិច្ចការរបស់ខ្ញុំបរាជ័យ» ។

បើតាមស្នងការខេត្តព្រៃវែង ២ ឬ ៣ ថ្ងៃទៀត លោកនឹងបង្ហាញជូនបទល្មើសដែលលោកនិងមន្ត្រីនគរបាលបានធ្វើ តើមានផលប្រយោជន៍ធំធេងបែបណាដល់ពលរដ្ឋខ្មែរ? លោកក៏បានតាមដានមើលក្នុង Comments មានពលរដ្ឋខ្មែរជាច្រើនសរសេរជេរនគរបាល ។ លោក៏បានចោទជាសំណួរចុងក្រោយចង់ចោទថា «តើខ្ញុំគួរលើកលែងឱ្យបុគ្គលឈ្មោះ ហ៊ន នេះបន្តឬយ៉ាងណា?»៕