ពីសង្គ្រាមទៅសន្តិភាព! កម្ពុជាប្រែក្លាយពីប្រទេសគ្រាប់ផ្លោង ទៅជាគន្លងផ្គត់ផ្គង់ស្បៀង និងនាំចេញគ្រប់ជ្រុងសេដ្ឋកិច្ច

រាជរដ្ឋាភិបាលបានប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលធានាបាននូវការផ្គត់ផ្គង់ស្បៀង និង នាំចេញ ដែលចូលរួមបង្កើនចំណូលដល់សេដ្ឋកិច្ចជាតិ។ សមិទ្ធផលនៃកត្តាសន្តិភាពនេះ បានធានានូវសន្តិសុខស្បៀង សម្រាប់ប្រជាជនប្រើប្រាស់ផង និង សម្រាប់នាំចេញផង។ នេះបើតាមការថ្លែងរបស់សម្តេចបវរធិបតីក្នុងពិធី “ទិវាមច្ឆជាតិ លើកទី២០” ខេត្តតាកែវ នាព្រឹកថ្ងៃអង្គារ ទី១ ខែកក្កដា។

កម្ពុជាបានប្រែក្លាយកន្លែងដែលធ្លាប់ជាកន្លែងគ្រាប់ផ្លោង ឱ្យក្លាយជាកន្លែងធ្វើកសិកម្ម, ក្នុងន័យនេះ, សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានដាក់ចេញឱ្យក្រុមការងាររបស់រាជរដ្ឋាភិបាល ធ្វើការ អភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មនៅទិសខាងលិច ដើម្បីធានាដល់ការងារ និងផលិត ហើយលើក កម្ពស់ផលិតផលក្នុងស្រុក។

ក្រៅពីនេះ កម្ពុជានឹងត្រូវធ្វើពិពិធកម្មសេដ្ឋកិច្ច និងដៃគូសហប្រតិបត្តិការ ដោយមិនពឹងដង្ហើមគេដក ហើយត្រូវធានាដល់ដៃគូដែលជាការធានាសន្តិសុខនៃការផលិត និងទីផ្សារ។

ជាមួយនេះ កត្តាគោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញ ហើយបានធ្វើ និងបន្តធ្វើយ៉ាងសកម្ម រួមមានដូចជា៖ ដីកសិកម្មមិនយកពន្ធ, សម្ភារៈបម្រើការផ្នែកសិកម្មមិនយកពន្ធ, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបម្រើវិស័យកសិកម្ម, ប្រព័ន្ធធារាសាស្ត្រ, អន្តរាគមន៍ភ្លាមៗក្នុងករណីមានតម្រូវការ និងពង្រីក និងបង្កើតទីផ្សារបន្ថែម៕

ដោយ៖ ផុន លីហ្សា