យោធភូមិភាគទី៥ បញ្ជាក់ថា ការផ្សាយថា ថៃបានឈូសឆាយផ្លូវរំ​លោភចូលដីខ្មែរ នៅឃុំថ្មដា ខេត្តពោធិ៍សាត់ មិនមែនជាការពិតទេ

យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា មានការផ្សព្វផ្សាយ ព័ត៌មាននិងបណ្តាញសង្គមមួយចំនួនដែលផ្សាយថា ថៃបានឈូសឆាយផ្លូវរំលោភចូលដីខ្មែរ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មិនមែនជាការពិតទេ។ សកម្មភាពនៃការឈូស ឆាយនេះគឺនៅក្នុងផ្នែកនៃដីថៃ។ កងកម្លាំងកម្ពុជាដែលកំពុងឈរជើងនៅតំបន់នេះ ការពារ យ៉ាងម៉ឺងម៉ាត់នូវបូរណភាពទឹកដីកម្ពុជា។ ដូច្នេះ សូមសាធារណជនទាំងអស់កុំមានការយល់ ច្រឡំ និងសូមកុំបន្តចែករំលែក។

យោធភូមិភាគទី៥ ក៏គូសបញ្ជាក់ដែរថា ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគឺជា សមត្ថកិច្ចរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ហើយការ អះអាងអំពីសមត្ថកិច្ចនេះ ក៏បានបញ្ជាក់បន្ថែម​ផងដែរនៅក្នុងខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំ ពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ GBC ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។

យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ បន្តថា កម្ពុជា និងថៃមាន មូលដ្ឋានគ្រប់គ្រាន់និងច្បាស់លាស់ ទាំងមូលដ្ឋានច្បាប់ យន្តការស្ថាប័ន និងវិធានការបច្ចេកទេស សម្រាប់ដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ជាពិសេសផែនទីមាត្រដ្ឋាន ១/២០០.០០០ យោងតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ព្រមទាំងមានការបោះបង្គោល ជាមួយគ្នាចំនួន ៧៤ បង្គោល ហើយភាគីទាំងពីរកម្ពុជា-ថៃ បានទទួលស្គាល់ និងបញ្ជាក់ឡើង វិញនៅក្នុងអនុស្សរណៈនៃការយោគយល់ឆ្នាំ ២០០០ (MoU2000) 1

សាជាថ្មីម្តងទៀត យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ ក៏បានបញ្ជាក់ពី ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាឱ្យបានជាដាច់ខាត និងសូមប្រកាសគាំទ្រការដោះស្រាយបញ្ហា​ព្រំដែនតាមមធ្យោបាយសន្តិវិធី និងឈរលើមូល ដ្ឋានច្បាប់អន្តរជាតិ៕