សមត្ថកិច្ច បានឃាត់ខ្លួនជនជាតិចិនចំនួន៥ ក្រោយពីសង្ស័យជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មសម្លាប់ជនជាតិចិនម្នាក់ ហើយយកសពទៅកប់ចោលនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

បើតាមនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី៣ ខែកក្ដដា ឆ្នាំ២០២៥ វេលាម៉ោង១០និង២០នាទីព្រឹក មានករណីប្រទះឃើញសាកសពបុរសម្នាក់ សង្ស័យជនជាតិចិន មានអាយុប្រហែល៣៤ឆ្នាំ ត្រូវបានគេយកមកកប់ចោល នៅចំណុចរណ្ដៅដីស្ថិតនៅភូមិបុសល្វេ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដោយធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យចំនួន៥ ។ លុះដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង៥និង៥០នាទីល្ងាច កម្លាំងជំនាញ បានបន្តដឹកនាំសហការដោយឃាត់ខ្លួនបានជនសង្ស័យចំនួន៥នាក់។
បច្ចុប្បន្នជនសង្ស័យ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបន្ត៕


