នៅល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ មានករណីផ្ទុះគ្រាប់មីនតោនសំណល់សង្គ្រាម មួយបានកើតឡើងនៅភូមិរស្មីសង្ហារ ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បណ្តាលឱ្យអ្នកបេីកបរត្រាក់ទ័រ លោក ផុន សុភី ដាច់ជេីងម្ខាងនិងបានស្លាប់ និងខូចខាតត្រាក់ទ័រភ្ជួរដីទាំងស្រុង។

គ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះកេីតឡេីង នៅពេលរូបលោក កំពុងតែភ្ជួរដីនៅក្នុងបរិវេណចម្ការរបស់ខ្លួន។ ត្រាក់ទ័រដែលប្រើប្រាស់ក្នុងការងារប្រមូលផលកសិកម្មនោះ ក៏ខូចខាតទាំងស្រុងដោយសារការផ្ទុះនេះដែរ។
សំណល់យុទ្ធភណ្ឌសង្គ្រាម នៅតែបន្តគម្រាមកំហែងដល់សេចក្តីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ បេីទោះបីជាសង្គ្រាមបានបញ្ចប់ជាង២៥ឆ្នាំហេីយ ក៏ដោយ។
លើសពីនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តចធិបតីបានបន្តខិតខំកិច្ចប្រតិបត្តិការ បោសសម្អាតសំណល់គ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះយ៉ាងសកម្ម ដេីម្បីរំដោះទឹកដីសុវណ្ណភូមិពីឃាតករលាក់មុខទាំងនេះផងដែរ។
ជាមួយគ្នានេះ អង្គភាព CMAC ក៏បានស្នើសូមដល់ប្រជាពលរដ្ឋជៀសវាងនឹងវត្ថុបង្កសង្ស័យ និងត្រូវជូនដំណឹងភ្លាមៗទៅកាន់អាជ្ញាធរមូលដ្ឋាន ឬក្រុមឆ្លើយតបរហ័សរបស់អង្គភាព CMAC ឱ្យបានទាន់ពេលវេលា ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ៕


