ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់គ្រឹះសិក្សាស្ថានសាធារណៈទាំងអស់ត្រូវទទួលកុមារចំណូលស្រុកពីប្រទេសថៃឱ្យចូលរៀន ដោយត្រូវសម្របសម្រួលកុំឱ្យមានភាពស្មុគស្មាញលើលក្ខខណ្ឌ ឬនីតិវិធីផ្សេងៗ។ ការណែនាំនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំដើម្បីពិនិត្យលើការព្រាងសេចក្តីណែនាំស្តីពី “ការប្រមូលកុមារចំណូលស្រុកពីប្រទេសថៃឱ្យចូលរៀន” ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ឆ្នាំសិក្សា២០២៥-២០២៦ នេះ ជាឆ្នាំសិក្សាដែលក្រសួងអប់រំ យុវជន និងកីឡាផ្តោតការយកចិត្តទុក ដាក់បន្ថែមចំពោះកុមារ ឬសិស្សដែលវិលត្រឡប់ពីប្រទេសថៃ ឱ្យបានចូលរៀន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ឬទីកន្លែងសិក្សានានា ដើម្បីធានាឱ្យកុមារ/សិស្សទទួលបានការអប់រំប្រកបដោយគុណភាព សមធម៌ បរិយាបន្ន និងលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិត។
ជាថ្មីម្តងទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានជំរុញក្រុមការងារ ត្រូវពន្លឿនកិច្ចការនេះឱ្យរួចរាល់ឆាប់រហ័ស និងបន្តសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ក៏ដូចជាធ្វើការណែនាំដល់ គ្រប់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគ្រឹះស្ថានសិក្សាសាធារណៈនូវសកម្មភាពការងារសម្រាប់អនុវត្តបន្ថែមក្នុងឆ្នាំសិក្សា២០២៥-២០២៦ ដោយគូសបញ្ជាក់ថា គ្រឹះសិក្សាស្ថានសាធារណៈទាំងអស់ត្រូវទទួលកុមារចំណូលស្រុកពីប្រទេសថៃ ដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យចូលរៀន ដោយសម្របសម្រួលលក្ខខណ្ឌ/នីតិវិធី កុំឱ្យមានភាពស្មុគស្មាញ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ខាងមុខនេះ សំដៅលើកទឹកចិត្តដល់មាតាបិតា អ្នកអាណាព្យាបាល ឱ្យបញ្ជូនកូនទៅរៀនឱ្យបានច្រើន ដើម្បីទទួលបានការអប់រំស្របតាមវ័យរបស់ពួកគេ បើទោះជាស្ថានភាពនៅតាមព្រំដែនមិនទាន់មានភាពប្រក្រតីក៏ដោយ។
សូមបញ្ជាក់ថា បន្ទាប់ពីបទបង្ហាញអំពីសេចក្តីព្រាងឯកសារសេចក្តីណែនាំស្តីពី “ការប្រមូលកុមារ និងសិស្សនុសិស្សចំណូលស្រុកពីប្រទេសថៃឱ្យបានចូលរៀន” រួចមក អង្គប្រជុំទាំងមូលបានពិនិត្យពិភាក្សាផ្លាស់ប្តូរយោបល់ ប្រមូលធាតុចូលដើម្បីបន្តកែលម្អសេចក្តីព្រាងនេះ លើចំណុចសំខាន់ៗ មួយចំនួនដូចជា៖ វិធីសាស្ត្រក្នុងការទទួលកុមារ ឬសិស្សដែលវិលប្រឡប់ពីប្រទេសថៃ, លក្ខខណ្ឌក្នុងការដាក់ពាក្យចូលរៀន, កម្មវិធីបំប៉នបន្ថែមសម្រាប់សិស្សរៀនខ្សោយ, ការត្រៀមមុនថ្ងៃបើកបវេសនកាល ឆ្នាំសិក្សា២០២៥-២០២៦, ការរៀបចំការបង្រៀននិងរៀន ,ការរៀបចំថ្នាក់រៀន ឬទីកន្លែងសិក្សា,ការរៀបចំសម្ភារសិក្សា និងការផ្គត់ផ្គង់,ការរៀបចំគ្រូបង្រៀន, ការចូលរួមរបស់សហគមន៍ និងដៃគូអភិវឌ្ឍ, ពិនិត្យតាមដាន និងវាយតម្លៃការសិក្សា។
តាមរបាយការណ៍ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ មានពលរដ្ឋខ្មែរវិលពីប្រទេសថៃជាង៩០ម៉ឺននាក់ហើយ។ ក្នុងនោះ ក្រសួងការងារ បានកំណត់មុខសញ្ញាពលរដ្ឋវិលពីប្រទេសថៃជា៣ក្រុម រួមមាន ទី១-មាន២៥ម៉ឺននាក់ ជាក្រុមមានអាយុលើស៤៥ឆ្នាំ ដែលមានគោលដៅទីផ្សារការងារក្នុងវិស័យកសិកម្ម និងសហគ្រាសតាមមូលដ្ឋាន ទី២-មានប្រមាណ៥ម៉ឺននាក់ជាក្រុមកុមារនៅជាមួយឪពុកម្ដាយនិងត្រូវសម្របសម្រួលជាមួយក្រសួងអប់រំនិងយុវជន និងកីឡា ដើម្បីចូលសិក្សាតាមសាលារៀន និងទី៣-គឺក្រុមពេញកកម្លាំងសម្រាប់ប្រឡូកក្នុងទីផ្សារការងារ និងពង្រឹងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ៕





