ឯកឧត្តម ទៀ សីហា៖ មិនបញ្ចប់ងាយនោះទេ! ករណីទាហានថៃ វាយកងទ័ពខ្មែរ អាចឡើងដល់តុលាការ បើថៃមិនសុំទោសជាសាធារណៈ

ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ​ ហាក់មិនទាន់ចង់ឲ្យករណីអតីតទាហានព្រៃថៃ ដែលបានវាយកងទ័ពខ្មែរ បញ្ចប់ដោយស្រួលៗនោះទេ គឺទាមទារឲ្យមានការសូមទោសជាសាធារណៈ បើមិនដូច្នោះទេករណីនេះ អាចនឹងឡើងដល់តុលាការ ។ នេះបើតាមការបញ្ជាក់របស់នាយកដ្ឋានព័ត៌មាននាថ្ងៃទី១៥ ខែកក្កដានេះ។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបង្ហាញការហួសចិត្ត នឹងករណីជនកំសាកជនជាតិថៃ ២នាក់ ក្នុងនោះម្នាក់ពាក់ឯកសណ្ឋានជាយោធាថៃ ដែលឆ្លៀតចាប់ដៃកងទ័ពខ្មែរ កំពុងឈរជើងនៅប្រាសាទតាមាន់ ហើយបានវាយទៅលើកងទ័ពខ្មែររួចនាំគ្នារត់​បាត់ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរមានការខឹងសម្បារយ៉ាងខ្លាំង ។

នេះបើតាមប្រសាសន៍របស់ ឯកឧត្តម ទៀ សីហា ក្នុងពិធីអបអរសាទរ ទទួលដំណើរមាតុភូមិនិវត្តន៍ កងអនុសេនាធំវិស្វកម្មពហុជំនាញ លេខ៤៦៨ ដែលបានបញ្ចប់បេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ (UN) នៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល និងនៅចំពោះមុខមន្ត្រី UN នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ។

លើសពីនេឞ ឯកឧត្តម បន្តថា ទោះបីជាបុគ្គលទាំង២នាក់នោះ បានសូមទោសរួចហើយក៏ដោយ ប៉ុន្តែក្នុងលក្ខណៈកំបាំងមុខ ដូចនេះ អំពាវនាវឲ្យពួកគេ ត្រូវធ្វើការសូមទោសជាសាធារណៈ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរមានការអស់ចិត្ត ហើយករណីនេះ នៅតែបន្តតាមដាន និងមិនឲ្យរួចផុតងាយៗនោះទេ ។

ក្រៅពីនេះ ប្រមុខការពារជាតិកម្ពុជា នៅតែប្រកាន់ជំហរស្របតាមការសម្រេច របស់រាជរដ្ឋាភិបាលលើករណីដោះស្រាយបញ្ហា ជាមួយប្រទេសថៃ ទាំងយន្តការអន្តរជាតិក្នុងសំណុំរឿងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ។

ចំណែកឯ យន្តការទ្វេភាគី ដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ និងជំរុញឲ្យភាគីថៃ ត្រូវបើកច្រកទ្វារព្រំដែនជាលក្ខណៈឯកកត្តោភាគីទាំងអស់ជាមុនសិន ទើបកម្ពុជាអនុវត្តតាមក្រោយ ហើយគ្មានការចរចារលើករណីនេះនោះទេ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន៊ថា កម្ពុជាបានត្រៀមខ្លួនជានិច្ច ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានណាមួយពីថៃ ទាំងកងទ័ពជើងគោក ជើងទឹក និងជើងអាកាស ប៉ុន្តែកម្ពុជានៅតែមានបំណងចង់ឲ្យមានការវិវត្តន៍ទៅរកមុនថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ឡើងវិញ ក្នុងនាមជាអ្នកជិតខាងល្អ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីជាប្រយោជន៍ដល់ពលរដ្ឋនៃប្រទេសទាំងពីរផងដែរ៕

ដោយ៖ ផុន លីហ្សា