ប្រាប់ AIPA! សម្តេច ឃួន សុដារី គូសបញ្ជាក់ថា កម្ពុជាជាប្រទេសស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ ផ្ទុយពីភាគីថៃដែលចេះតែពង្រីកបញ្ហា 

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កម្ពុជាជាប្រទេសស្រឡាញ់សន្តិភាព គោរពច្បាប់។ ដូច្នេះហើយបានជាករណីជម្លោះព្រំដែនជាមួយប្រទេសថៃ ដោយកម្ពុជាព្យាយាមដោះស្រាយបញ្ហាដោយសន្តិវិធី ប្រើប្រាស់យន្តការដែលប្រទេសទំាងពីរមាន និងច្បាប់អន្តរជាតិ។ កម្ពុជាបង្រួមបញ្ហា ក្នុងគោលបំណងរក្សាចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាមួយអ្នកជិតខាង ភូមិផងរបងជាប់គ្នា និងជាប្រទេសក្នុងសហគមន៍អាស៊ានតែមួយ។ ប៉ុន្តែភាគីម្ខាងទៀតបានពង្រីកបញ្ហា យកទំនាស់ព្រំដែនពីកន្លែងមួយឱ្យរីករាលដាលទៅជាការបិទព្រំដែនទំាងអស់ ដោយឯកតោភាគី បដិសេធមិនទទួលយកផែនទីដែលអន្តរជាតិទទួលស្គាល់មកដោះស្រាយបញ្ហា ប្រើប្រាស់ផែនទីឯកតោភាគី គួសដោយខ្លួនឯងបានធ្វើឱ្យបញ្ហាព្រំដែនមិនអាចដោះស្រាយបាន អូសបន្លាយពេលជាច្រើនឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះបច្ចុប្បន្ននេះ ថែមទំាងបានពង្រីកបញ្ហាព្រំដែន ទៅជាបញ្ហាពាណិជ្ជកម្ម សេដ្ឋកិច្ច ធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋទំាងសងខាង ទៅវិញ។

ការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា ក្នុងជំនួបជាមួយអគ្គលេខាធិការអន្តរសភាអាស៊ាន ដែលហៅកាត់ថា (អាយប៉ា/AIPA) លោកជំទាវ អារស៊ីទី រ៉ូសាយ មេរីយ៉ានទី ដាតូ ហាជី អាបឌុល រ៉ាម៉ាន់ នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសដែលលោកជំទាវអញ្ជើញមករួមសហការជាមួយរដ្ឋសភាកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦ (16th AIPA Caucus Meeting) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅវិមានរដ្ឋសភា ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ។

សម្តេចប្រធានរដ្ឋសភា បានអរគុណ អគ្គលេខាធិការដ្ឋានអាយប៉ា ដែលបានគំាទ្រធម្មនុញ្ញសន្តិភាពសកល ដែលជាគំនិតផ្តួចផ្តើមឡើង ដោយសម្តេចតេជោ ហ៊ុន សែន។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ធម្មនុញ្ញសន្តិភាពសកល មិនមែនជាច្បាប់ចាប់បង្ខំនោះឡើយ ប៉ុន្តែជាផ្នែកមួយចូលរួមចំណែកដល់ការកសាងនិងការពារសុខសន្តិភាព ដោយស្ម័គ្រចិត្ត។ សន្តិភាពមានតម្លៃណាស់សម្រាប់មនុស្សជាតិ ដូច្នេះគេត្រូវការពារសុខសន្តិភាព នៅពេលប្រទេសជាតិធ្លាក់ចូលក្នុងភ្លើងសង្រ្គាមហើយនោះ អ្វីៗទំាងអស់និងបាត់បង់។ កម្ពុជាបានឆ្លងកាត់សង្រ្គាម ដូច្នេះមិនចង់ឃើញមិត្តភ័ក្ត្រណាមួយរបស់ខ្លួន ជួបនឹងទុក្ខ ដូចខ្លួនកាលពីអតីតកាលនោះឡើយ។ 

អគ្គលេខាធិការអាយប៉ា បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងនិងការចូលរួមយ៉ាងសកម្ម របស់សភាកម្ពុជា ទំាងនៅក្នុងក្របខណ្ឌអាយប៉ា ក៏ដូចជាវេទិកាអន្តរសភានានា។ នៅក្នុងនោះ គំនិតផ្តួចផ្តើមថ្មីៗរបស់សភាកម្ពុជា ដូចជា AIPA Digital Law Library  ធម្មនុញ្ញសន្តិភាពសកល និងការបើកឱ្យមានកិច្ចប្រជុំ ការកសាងភាពជាដៃគូរបស់អាយប៉ា (AIPA Partnership Building) ក្នុងកិច្ចប្រជុំក្រុមអ្នកនយោបាយលើកទី១៦ នៅភ្នំពេញនេះ បានចូលរួមដល់ការលើកកម្ពស់តួនាទីអាយប៉ាឱ្យកាន់តែខ្លំាងឡើង នៅក្នុងការពង្រឹងលើកកម្ពស់វប្បធម៌សន្ទនា ការរួមសហការគ្នាក្នុងការដោះស្រាយបញ្ហារួមទំាងនៅក្នុងតំបន់និងកសលលោក៕