សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះមិត្តចិន ដែលជាប្រទេសធំ ប៉ុន្តែតែងតែគោរព និងផ្តល់តម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យ ឯកឧត្តម Wang Zhimin សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាអនុប្រធានគណៈកម្មាធិការកិច្ចការជនជាតិ នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស និងគណៈប្រតិភូចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា។

សម្តេចតេជោ បានបន្តចែករំលែកនូវសភាពការណ៍ និងបញ្ហាប្រឈមសកល ដែលទាមទារឱ្យយើងមានសាមគ្គីភាព ដើម្បីជម្នះការលំបាកនានា ដែលកើតឡើងតាមរយៈការអនុវត្តដោយឯកតោភាគី។ សម្តេចតេជោ បានបន្តថ្លែងថា សភាពការណ៍ប្រឈមសកលនេះ ក៏ជាកាលានុវត្តភាពតម្រូវឱ្យកម្ពុជា-ចិន និងចិន-អាស៊ាន ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត សំដៅត្រៀមរៀបចំខ្លួនពង្រឹងពហុភាគីនិយម និងលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ។

ក្រោមក្របខណ្ឌទ្វេភាគី សម្តេចតេជោ បានចែករំលែកទស្សនវិស័យសម្តេច សំដៅជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ទំនាក់ទំនងប្រជាជននិងប្រជាជន និងសេដ្ឋកិច្ចជាដើម។ សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះ មិត្តចិន ដែលតែងតែគោរព និងផ្តល់តម្លៃខ្ពស់ចំពោះទំនាក់ទំនងប្រទេសយើងទាំងពីរ បើទោះបីជា កម្ពុជាជាប្រទេសតូច ហើយចិនជាប្រទេសធំក្តី។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា លទ្ធផលនៃទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង នាពេលកន្លងទៅ បានបន្តកសាងគ្រឹះយ៉ាងរឹងមាំ និងជាផែនទីចង្អុលផ្លូវនៃទំនាក់ទំនងរយៈពេលវែងសម្រាប់របស់យើងទាំងពីរផងដែរ។ 

សម្តេចតេជោ សង្ឃឹមថា ទស្សនកិច្ចការងាររបស់ឯកឧត្តមនាពេលនេះ នឹងពង្រឹងឱ្យកាន់តែស្អិតរមួត និងស៊ីជម្រៅថែមមួយកម្រិតទៀតនូវទំនាក់ទំនងកម្ពុជា-ចិន។ សម្តេចក៏បានផ្តាំផ្ញើការគោរព និងការសួរសុខទុក្ខចំពោះ ឯកឧត្តម ចាវ ឡឺជី, ឯកឧត្តម វ៉ាង ហ៊ូនីង និងឯកឧត្តម ស៊ី ជីនពីង ព្រមជាមួយនឹងការអញ្ជើញ ឯកឧត្តម ចាវ ឡឺជី មកទស្សនកិច្ចនៅកម្ពុជា នាពេលសមស្របណាមួយខាងមុខផងដែរ។

ឯកឧត្តម Wang Zhimin បានវាយតម្លៃខ្ពស់ចំពោះថាមភាព និងលទ្ធផលបន្តបន្ទាប់នៃជំនួបនានារបស់ឯកឧត្តមក្នុងឱកាសនៃទស្សនកិច្ចនាពេលនេះ។ ឯកឧត្តម បានគូសបញ្ជាក់ថា ការបន្តផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំគ្រប់កម្រិតរវាងប្រទេសយើងទាំងពីរ  បានបន្តពូនជ្រុំមិត្តភាពដែកថែបចិន-កម្ពុជា ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ជាពិសេសសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការជាច្រើនត្រូវបានចុះហត្ថលេខានាដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង នាពេលថ្មីៗនេះ។ ឯកឧត្តម បានថ្លែងថា សភាតំណាងប្រជាជនចិន តែងបន្តរក្សាទំនាក់ទំនងល្អជាមួយរដ្ឋសភា និងព្រឹទ្ធសភានៃកម្ពុជា ស្របតាមចក្ខុវិស័យនៃអតីតថ្នាក់ដឹកនាំប្រទេសយើងទាំងពីរ ជាមួយនឹងមនោសញ្ចេតនាស៊ីជម្រៅ និងជិតស្និត។

ឯកឧត្តម Wang Zhimin បានសង្កត់ធ្ងន់ថា បច្ចុប្បន្នកម្រិតនៃទំនាក់ទំនងចិន-កម្ពុជា បានឈានឡើងជាបន្តបន្ទាប់ហើយនឹងនាំមកនូវប្រយោជន៍ជាច្រើនដល់ប្រជាជនយើងទាំងពីរ ក្នុងការកសាងជោគវាសនារួម ដែលនឹងក្លាយជាកម្លាំងចលករ និងសុខដុមរមនារវាងប្រទេសយើងទាំងពីរ ជាពិសេសស្ថាប័ននីតិប្បញ្ញត្តិរបស់យើង។  

ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអរគុណចំពោះការផ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តម ចាវ ឡឺជី។ សម្តេចតេជោ បានថ្លែងថា សម្តេចពិតជាមានមោទនភាពក្នុងការរួមចំណែកពង្រឹងទំនាក់ទំនងប្រទេសយើងទាំងពីរ តាមរយៈការបន្តវេន ដែលជាមរតក អតីតព្រះករុណា ព្រះបាទនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ, ឯកឧត្តមប្រធាន ម៉ៅ សេទុង និង ឯកឧត្តមនាយករដ្ឋមន្រ្តី ជូ អេនឡាយ។ 

ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពជាប្រពៃណីរវាងថ្នាក់ដឹកនាំជាច្រើនជំនាន់ និងមកដល់ដំណាក់កាលថ្មីមួយកាន់តែស៊ីជម្រៅ។ ឯកឧត្តម បានសាទរចំពោះការកើតឡើងជាបន្តបន្ទាប់នៃទំហំពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគចិននៅកម្ពុជា ហើយកំណើននៃវិស័យទេសចរណ៍ ក៏នឹងជំរុញការកើនឡើងនូវវិស័យដទៃទៀតផងដែរ៕