ការវិលត្រឡប់ទ្រង់ទ្រាយធំ! កម្លាំងនគរបាលអន្តោប្រវេសន៍​ត្រៀមទទួលពលករខ្មែរប្រមាណ១៣ម៉ឺននាក់ពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិដូង ខេត្តបាត់ដំបង

កម្លាំងនគរបាលអន្តោប្រវេសន៍​ បានត្រៀមទទួលពលករកម្ពុជា​ ដែលប្រទេសថៃត្រៀមនឹងបញ្ជូនមកវិញប្រមាណ១៣ម៉ឺននាក់​ នៅច្រកទ្វារព្រំដែនអន្តរជាតិដូង​ ជាប់នឹងព្រំដែនថៃ​ (ឡែម)​ នាថ្ងៃអាទិត្យ ទី២៧​ ខែកក្កដា ឆ្នាំ២០២៥ នេះ។

ក្នុងនោះដែរ​ អាជ្ញាធរមូលដ្ឋាន ក៏ដូចជាស្ថាប័នដែលពាក់ព៏ន្ធក៏បានរួមសហការគ្នា និងត្រៀមរួចជាស្រេចក្នុងទទួលពលករកម្ពុជា​។ ព្រមទាំងសម្របសម្រួល​ សណ្តាប់ធ្នាប់ របៀបរៀបរយ ដល់ដំណើរចូលប្រទេសរបស់បងប្អូន ប្រជាពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ប្រកបដោយសុវត្ថិភាព និងភាពជឿជាក់ ជួយដឹកជញ្ជូនសម្ភារផ្ទាល់ខ្លួនរបស់ពួកគាត់ពីច្រកទ្វារដល់ទីតាំងរង់ចាំទទួលពលករ។

ជាមួយគ្នានេះដែរ​ អាជ្ញាធរមូលដ្ឋានក៏បានត្រៀមនូវស្បៀងអាហារ​ គ្រឿងឧបភោគបរិភោគ​ មួយចំនួនសម្រាប់ជូនដល់ពលករទាំងអស់ផងដែល។ 

អគ្គនាយកដ្ឋានអន្តោប្រវេសន៍​ បានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួលដល់ឯកសារនៃដំណើរចូលរបស់ពលករកម្ពុជាទាំងអស់​ ដោយក្ដីរីករាយ​ និងភាពកក់ក្ដៅជូនពួកគាត់៕