សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បង្ហាញការតក់ស្លុតរន្ធត់ចិត្តយ៉ាងខ្លាំង ចំពោះទុក្ខសោក និងក្តីវេទនារបស់ប្រជាពលរដ្ឋខ្មែរដែលជាជនភៀសសឹកព្រោះតែការឈ្លានពានរបស់កងទ័ពថៃ។ នេះបើតាមការផ្សាយរបស់អង្គស្នងការនគរបាលជាតិនាថ្ងៃទី២៨ ខែកក្កដា នេះ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានលើកឡើងថា៖«ការភៀសចេញពីលំនៅឋានបាននាំមកនូវការលំបាកយ៉ាងខ្លាំងសម្រាប់ជនភៀសសឹក។ ពួកគេប្រឈមការខ្វះទីជម្រក ខ្វះអាហារហូបចុក ខ្វះទឹកស្អាតប្រើប្រាស់ បាត់បង់មុខរបរ បាត់បង់ចំណូលជួបការលំបាកក្នុងជីវភាព ក្មេងៗបាត់បង់ការសិក្សា និងប្រឈមការលំបាកជាច្រើនផ្សេងទៀត»។
ដោយឡែក ការប្រើកម្លាំងទ័ព និងសព្វាវុធធុនធ្ងន់ឈ្លានពានកម្ពុជាពីសំណាក់កងទ័ពថៃ បានបង្កវិនាសសកម្មយ៉ាងធ្ងន់ធ្ងរ និងខ្លោចផ្សារបំផុតដល់ប្រជាពលរដ្ឋខ្មែរជាជនស៊ីវិល។ ពលរដ្ឋរាប់ម៉ឺនគ្រួសារ បានចាកចោលផ្ទះសម្បែងជាទីជម្រកសុខសាន្ត បន្ទាប់ពីកងទ័ពឈ្លានពានថៃ បាញ់ផ្លោងគ្រាប់កាំភ្លើងធំចូលក្នុងភូមិឋានរបស់ពួកគេ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតសង្កត់ធ្ងន់ថា៖«មហាទុក្ខរបស់ប្រជាពលរដ្ឋកើតចេញពីការឈ្លានពានទឹកដីពីសំណាក់កងទ័ពឈ្លានថៃ គឺជាមហាទុក្ខរបស់រាជរដ្ឋាភិបាល របស់ថ្នាក់ដឹកនាំជាតិគ្រប់ជាន់ថ្នាក់ ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់ទីកន្លែងផងដែរ»។
គួរបញ្ជាក់ថា បើទោះបីខេត្តព្រះវិហារជាតំបន់សមរភូមិក្តៅយ៉ាងណាក្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមាតាមនុស្សធម៌គ្មានព្រំដែន នៅតែចុះមកជួបសួរសុខទុក្ខ ចែកស្បៀងអាហារ និងរបស់របរប្រើប្រាស់ដោយផ្ទាល់ជូនដល់ជនភៀសសឹក។
មួយវិញទៀត ទង្វើ និងកាយវិការទាំងនេះ បានស្តែងយ៉ាងច្បាស់នូវការយកចិត្តទុកដាក់ សមានចិត្តអាណិតអាសូរ និងការគិតគូរយ៉ាងជ្រាលជ្រៅបំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកព្រោះតែការឈ្លានពានរបស់កងទ័ពថៃ មកលើទឹកដីកម្ពុជា៕
ដោយ៖ ផុន លីហ្សា




