សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសពីលទ្ធផលដ៏ត្រចះត្រចង់ពីចំនួបរវាងសម្តេច និងឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ដោយភាគីទាំងពីរកម្ពុជា-ថៃបានឯកភាពគ្នាដូចខាងក្រោម៖
- បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង24:00 ថ្ងៃទី28 ខែកក្កដា ឆ្នាំ2025។ នេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡេីងវិញនៅសន្តិភាព និងសន្តិសុខ។
- រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ (ភាគីថៃ យោធភូមិភាគទី1 និងទី2 និងភាគីកម្ពុជាយោធភូមិភាគទី4 និងទី5) នៅវេលាម៉ោង07:00 ថ្ងៃទី29 ខែកក្កដា ឆ្នាំ2025 និងបន្តរៀបចំកិច្ចប្រជុំជាមួយបណ្តាសេនានុព័ន្ធ និងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ាន បេីមានការឯកភាពពីភាគីទាំងពីរ និង
- រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី4 ខែសីហា ឆ្នាំ2025 ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី អរគុណឯកឧត្តមនាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបានផ្តួចផ្តើមគំនិតសម្របសម្រួលអោយមានកិច្ចប្រជុំ និងធ្វើជាម្ចាស់ផ្ទះ។សម្តេចក៏សូមអរគុណឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានផ្តល់ការគាំទ្រដល់ដំណើរការចរចាររកការឈប់បាញ់ភ្លាមដើម្បីកសាងសន្តិភាព តាមរយៈសហរដ្ឋអាមេរិកធ្វើជាសហអ្នករៀបចំនៃជំនួបថ្ងៃនេះ។
ទន្ទឹមនេះ សម្តេចក៏សូមអរគុណដល់រដ្ឋាភិបាលចិនដែលតែងតែគាំទ្រលើកទឹកចិត្តអោយភាគីទាំងពីរស្វែងរកការឈប់បាញ់និងចូលរួមយ៉ាងសកម្មគាំទ្រដល់ជំនួបពិសេសនេះផងដែរ៕
