ជាថ្មីម្តងទៀត អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានបដិសេធរាល់ព័ត៌មានទាំងឡាយណាដែលចោទប្រកាន់ថាកម្ពុជាបានបំពានបទឈប់បាញ់ ។ ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម បានចាត់ទុកការចោទប្រកាន់ទាំងនេះថា គឺសុទ្ធសឹងតែជាការចោទប្រកាន់ដែលមិនសមហេតុផល និងមិនសមស្របជាមួយប្រទេសកម្ពុជា ទាល់តែសោះ។

ឯកឧត្តម ប៉ែន បូណា បន្ថែមថា រយៈពេលជិត៣ទសវត្សចុងក្រោយនេះ សន្តិភាពបានក្លាយជាអត្តសញ្ញាណរបស់កម្ពុជា បន្ទាប់ពីកម្ពុជារកបានសន្តិភាពពេញលេញកាលពីថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨ ដោយនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ។ សន្តិភាពជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសឲ្យបានលូតលាស់ដូចសព្វថ្ងៃ ហេតុដូច្នេះ ហើយបានជារាជរដ្ឋាភិបាលកម្ពុជា ផ្តល់តម្លៃខ្ពស់ណាស់ដល់ការថែរក្សាសុខសន្តិភាពឲ្យបានទោះក្នុងតម្លៃណាក៏ដោយ។
ដូចគ្នានេះដែរ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ចំពោះបទឈប់បាញ់ កម្ពុជា បានប្តេជ្ញាចិត្តច្បាស់លាស់ ម៉ឺងម៉ាត់ និងប្រកាន់ខ្ជាប់នូវលក្ខខណ្ឌនៃសេចក្តីប្រកាសរួម នៃបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ។ កម្ពុជាប្រកាន់យកច្បាប់អន្តរជាតិ ការរួមរស់ជាមួយគ្នាដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការពហុភាគី ក្នុងការស្វែងរកដំណោះស្រាយ យុត្តិធម៌ និងយូរអង្វែង សម្រាប់ស្ថានការណ៍នេះ។
គួរបញ្ជាក់ថា បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌរវាងកម្ពុជា និងថៃ បានចូលជាធរមានចាប់តាំងពីពាក់កណ្តាលអធ្រាត្រយប់ ថ្ងៃទី២៨ កក្កដា ក្រោយជំនួបចរចា រវាងនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីស្តីទីថៃ នៅទីក្រុងកូឡាឡាំពួរ ក្រោមការសម្របសម្រួលរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដោយមានការសហការរៀបចំដោយសហរដ្ឋអាមេរិក និងមានការចូលរួមពីតំណាងប្រទេសចិន ។
បទឈប់បាញ់នេះ ក៏មានចង់នូវលក្ខខណ្ឌមួយចំនួនដើម្បីឲ្យកងទ័ពកម្ពុជា និងកងទ័ពថៃ អនុវត្តន៍ រួមមាន ទី១ ឈប់បាញ់គ្នា ,ទី២ មិនឲ្យមានការចល័តទ័ព ឬបន្ថែមទ័ព ,ទី៣ កងទ័ពទាំងពីរប្រទេសត្រូវរក្សាទីតាំងដដែល រាប់ពីម៉ោង១២យប់ ថ្ងៃទី២៨ កក្កដា និងទី៤ ត្រូវបង្កើតក្រុមការងារទំនាក់ទំនងដើម្បីធ្វើការជាមួយគ្នា៕
អត្ថបទ៖ ពុទ្ធិកា