សារព័ត៌មានក្នុងស្រុក Thai PBS បានផ្សាយយោងសម្តីអ្នកនាំពាក្យកងទ័ពថៃ ឧត្តមសេនីយ៍ទោ Winthai Suvaree នៅថ្ងៃទី៣១ ខែកក្កដា បានទទួលស្គាល់ថា មុនពេលកិច្ចព្រមព្រៀងបទឈប់បាញ់ចូលជាធរមាន នៅពាក់កណ្តាលអធ្រាត្រថ្ងៃទី ២៨ ខែកក្កដា កងទ័ពថៃបានព្យាយាមដណ្តើមកាន់កាប់ទាំងប្រាសាទតាក្របី និងភ្នំ៣៥០ តែមិនបានអាចកាន់កាប់ទីតាំងទាំងពីរនេះបាន។
លោកបានប្រាប់ប្រជាជនថៃថា បច្ចុប្បន្ន ទាំងប្រាសាទតាក្របី ទាំងភ្នំ៣៥០ ដែលនៅជាប់នឹងប្រាសាទ ហើយដែលត្រូវបានគេចាត់ទុកថាជាទីតាំងយុទ្ធសាស្ត្រគ្រប់គ្រងលើប្រាសាទ ត្រូវស្ថិតក្រោមការកាន់កាប់ទាំងស្រុងដោយកងទ័ពកម្ពុជា។
កាលដែលទាហានថៃភូតភរកុហកពលរដ្ឋខ្លួនឯង ព្រោះកាលពីដំបូងកងទ័ពថៃអះអាងថា ខ្លួនបានវាយដណ្តើមកាន់កាប់តំបន់ប្រាសាទតាក្របីទាំងស្រុង នៅមុនបទឈប់បាញ់ជាមួយកម្ពុជា។
យ៉ាងណា ក្រោយពីមានការចុះផ្សាយតាមបណ្តាញសង្គមនូវរូបថតដែលបង្ហាញពីវត្តមានកងទ័ពកម្ពុជានៅកាន់កាប់ប្រាសាទតាក្របី ទើបកងទ័ពថៃបង្ខំចិត្តចេញមុខសារភាពទទួលស្គាល់ថា ខ្លួនពិតជាបានបរាជ័យក្នុងការប៉ុនប៉ងវាយដណ្តើមកាន់កាប់តំបន់ប្រាសាទតាក្របី នៅក្នុងនាទីចុងក្រោយមុនពេលបទឈប់បាញ់ចូលជាធរមាន។
