អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តផ្គត់ផ្គង់ម្ហូបដល់ប្រជាពលរដ្ឋភៀសសឹកនៅខេត្តឧត្តរមានជ័យ និងព្រះវិហារ ១០គោលដៅក្រោមកិច្ចសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរខេត្ត

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ នៅបន្តរៀបចំផ្គត់ផ្គង់ម្ហូបជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន ១០គោលដៅ ដែលគេចចេញពីតំបន់សមរភូមិប្រយុទ្ធ ក្រោមកិច្ចសហការជាមួយឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។

នៅថ្ងៃទី៦ ខែសីហានេះ ក្រោមកិច្ចសហការរួមគ្នាជាមួយរដ្ឋបាលខេត្តទាំងពីរ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានណែនាំបញ្ជាឲ្យគ្រប់គោលដៅទាំង ១០ បន្តបេសកកម្មរៀបចំផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋជនភៀសសឹក ដោយធ្វើយ៉ាងណាឲ្យបងប្អូនពូមីងលោកតាលោកយាយមានម្ហូបហូបគ្រប់គ្រាន់នៅតាមគោលដៅនីមួយៗ។

សូមជម្រាបថា មានប្រជាពលរដ្ឋរាប់ពាន់គ្រួសារ រាប់ម៉ឺននាក់ដែលមានទាំងចាស់ជរា កុមារ និងស្រ្ដីមានផ្ទៃពោះ គ្រួសារទ័ពផងដែរនោះ ដែលបានជម្លៀសពីតំបន់សមរភូមិមកកាន់ទីសុវត្ថិភាពខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ដោយទទួលបានអនុញ្ញាតិពីរាជរដ្ឋាភិបាល ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបចំផ្គត់ផ្គង់ម្ហូបអាហារជូនបងប្អូនភៀសសឹកដែលចាកចេញពីតំបន់ក្តៅក្រោយទាហានថៃឈ្លានពានលើដែនអធិបតេយ្យជាតិខ្មែរ ចាប់តាំងពីថ្ងៃផ្ទុះអាវុធភ្លាមៗមកម្លេះ ប្រកបដោយទឹកចិត្តស្មោះសរក្នុងការរួបរួមជាតិខ្មែរជាធ្លុងមួយដោយស្មារតីខ្មែរជួយខ្មែរក្នុងគ្រាលំបាក៕