សម្តេចតេជោ៖ កុំពង្រីកបញ្ហាចេញផុតពីជម្លោះរវាងកម្ពុជានិងថៃ ទៅ​កា​ន់​ប្រ​ទេ​សផ្សេង ខណៈប្រទេសទាំង​នោះកំពុងជួយ​បញ្ឈប់ជម្លោះ

តាមរយៈបណ្តាញសង្គមហ្វេកបុក នៅយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបង្ហាញសំណេរដោយបកស្រាយរឿង២ ពាក់ព័ន្ធការធ្វើឃាដសម្តេច និងសម្តេចធិបតីនាយករដ្ឋមន្រ្តី និងរឿងបរទេសផ្តល់ដ្រូនកម្ពុជា និងថៃ ព្រមទាំងលក់គ្រាប់ និងយន្តហោះពីកូរ៉េខាងត្បូង ហើយស្នើមេត្តាកុំឲ្យពង្រីកបញ្ហាចេញផុតពីជម្លោះរវាងកម្ពុជា និងថៃ ទៅកាន់ប្រទេសផ្សេង។

ក្នុងសំណេរ សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ថា ប៉ុន្មានថ្ងៃនេះមានការផ្សព្វផ្សាយព័ត៌មានពីរ គឺទីមួយទាក់ទងដល់ការផ្តល់ជំនួយដ្រូនរបស់ជប៉ុនឲ្យថៃ ការផ្តល់ដ្រូនពីចិនឲ្យកម្ពុជា និងការលក់គ្រាប់និងយន្តហោះពីកូរ៉េខាងត្បូងឲ្យថៃ ដើម្បីធ្វើឃាតលើសម្តេច និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងទីពីរ គឺការរៀបចំផែនការធ្វើឃាតពីសំណាក់មេដឹកនាំថៃមកលើសម្តេច និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ថា បញ្ហាទាំងពីរនេះបើមិនមានការបកស្រាយឬរំលត់ទេ វានឹងក្លាយជាបញ្ហាធំសម្រាប់ថ្ងៃក្រោយ។ តាមការបកស្រាយ សម្តេចបានលើកឡើងថា ទី១ រឿងដ្រូន និងអាវុធ ឬយន្តហោះទោះកម្ពុជា ឬថៃ បានមកពីប្រភពណាក៏ សូមមេត្តាកុំពង្រីកបញ្ហាចេញផុតពីជម្លោះរវាងកម្ពុជា និងថៃទៅកាន់ប្រទេសផ្សេង ក្នុងពេលប្រទេសទាំងនោះកំពុងជួយដល់ការបញ្ឈប់ជម្លោះ និងគាំទ្រដល់ការឈប់បាញ់និងជំរុញឲ្យមានសន្តិភាពឡើងវិញរវាងប្រទេសទាំងពីរកម្ពុជា-ថៃ។ និងទី២. រឿងផែនការធ្វើឃាដរបស់មេដឹកនាំថៃមកលើរូបសម្តេច និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រឿងនេះពិបាកនិងជឿណាស់ បើទោះបីជាមេដឹកនាំថៃស្អប់ ឬមិនចូលចិត្តសម្តេច និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏ដោយក៏មេដឹកនាំថៃមិនទាន់ឈានដល់កំរិតអគុណធម៌មករៀបចំផែនការសម្លាប់សម្តេចនិងសម្តេចនបវរធិបតី នោះដែរ។

ក្នុងប្រវត្តិសាស្ត្រគេតែងតែរកវិធីសម្លាប់មេទ័ពដែលពូកែ ដើម្បីងាយយកឈ្នះលើសង្រ្គាមតែសម័យនេះមិនដូចសម័យមុនទេ គេត្រូវការមនុស្សដែលអាចនិយាយគ្នាបាន ដើម្បីកសាងសន្តិភាព។ កម្ពុជាក៏ត្រូវការ​មេដឹកនាំថៃ​រូបណា​ដែលមានអំណាចខ្លាំង ដើម្បីចរចារកសន្តិភាពបាន។ ឯថៃក៏ត្រូវការមេដឹកនាំកម្ពុជាណាដែលមានអំណាចខ្លាំង ដែលពេលនេះគឺមានតែសម្តេច និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប៉ុណ្ណោះដើម្បីចរចាដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញមុខចរចាដោយផ្ទាល់។

យោងលើហេតុផលនេះគឺ គ្មានមូលហេតុណាមួយដែលមេដឹកនាំថៃ មានគម្រោងសម្លាប់សម្តេច និងសម្តេចបវរធិតបី ហ៊ុន ម៉ាណែត នោះឡើយ។ ប្រសិនបើ សម្តេច ឬសម្តេចបវរធិតបី ហ៊ុន ម៉ាណែត ស្លាប់ដោយស្នាដៃមេដឹកនាំថៃមែនវាច្បាស់ជានឹងកើតមានសម្តេច និងសម្តេចបវរធិតបី ហ៊ុន ម៉ាណែត រាប់ម៉ឺនរាប់សែនរាប់លាននាក់ នៅលើទឹកដីកម្ពុជាភ្លាមដែល
វានឹងក្លាយ​ជាសត្រូវសួរពូជពិបាករំលត់។ សម្រាប់សម្តេចក្តី ហ៊ុន ម៉ាណែតក្តី ក៏មិនមែនជាកូនសត្វកង្កែបដែលគេងាយនឹងសម្លាប់នោះដែរ។ ទាំងនេះក៏ជាការពន្យល់បន្ថែមថា មេដឹកនាំថៃមិនរៀបចំផែនការដើម្បីសម្លាប់ សម្តេច និងសម្តេចបវរធិតបី ហ៊ុន ម៉ាណែត នោះទេ។

នៅក្នុងផែនការសម្លាប់ សម្តេច និងសម្តេចបវរធិតបី ហ៊ុន ម៉ាណែត ដោយមេដឹកនាំថៃគេលើកថា និងប្រើយន្តហោះ។ ចំណុចនេះគួរតែប្រទេសដែលលក់យន្តហោះ ចម្បាំងឲ្យថៃ ត្រូវរឹតបណ្តឹងលើកិច្ចសន្យាប្រើប្រាស់យន្តហោះ ព្រោះកន្លងទៅនេះថៃបានប្រើយន្តហោះ ដែលទិញពីអាមេរិក និងស៊ុយអែត វាយចូលជ្រៅក្នុងទឹកដីកម្ពុជា។ កម្ពុជាមិនជំទាស់នឹងការលក់យន្តហោះចម្បាំងឲ្យថៃទេ តែសូមកុំឲ្យថៃប្រើប្រាស់យន្តហោះវាយប្រហារចូលទឹកដីកម្ពុជា ឬទឹកដីឡាវ ឬម៉ាឡេស៊ី ឬមីយ៉ាន់ម៉ា ដែលជាប្រទេសជាប់ព្រំដែនជាមួយថៃ៕