សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់ទៅកាន់ សាកលវិទ្យាល័យ Ramkhamhaeng ថាមិនបាច់ដកសញ្ញាបត្រពីសម្តេចនោះទេ ព្រោះសម្តេចបានបោះវាចោលចូលក្នុងបង្គន់តាំងពីឆ្នាំ២០០៨ ពោលគឺនៅពេលដែលថៃលើកកងទ័ព ចូលឈ្លានពានប្រាសាទព្រះវិហាររបស់ខ្មែរមកម៉្លេះ ហើយសញ្ញាបត្ររបស់អ្នកគ្មានតម្លៃណាមួយសម្រាប់សម្តេចរក្សាទុកនោះទេ។
តាមរយៈសំណេរនៅលើបណ្តាញសង្គមកាលពីថ្ងៃទី០៨ សីហា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គួរអស់សំណើចណាស់ ក្រោយសម្តេចលឺថា សាកលវិទ្យាល័យថៃមួយ ដែលសម្តេចមិនចាំឈ្មោះផង បានបោះឆ្នោតដកហូតសញ្ញាបត្រពីសម្តេច។
សម្តេចតេជោ បានបញ្ជាក់តបវិញថា៖« អ្នកមិនបាច់ដកចេញសញ្ញាបត្រពីខ្ញុំនោះទេ ព្រោះខ្ញុំបានបោះវាចោលចូលក្នុងបង្គន់តាំងពីឆ្នាំ២០០៨ នៅពេលដែលថៃលើកកងទ័ព ចូលឈ្លានពានប្រាសាទព្រះវិហាររបស់ខ្មែរមកម៉្លេះ ! សញ្ញាបត្ររបស់អ្នកគ្មានតម្លៃណាមួយសម្រាប់ខ្ញុំរក្សាទុកនោះទេ។ ខ្ញុំមិនមានមោទនភាពណាមួយចំពោះក្រដាសសញ្ញាបត្រមួយសន្លឹករបស់អ្នកនោះឡើយ។ ខួរក្បាលរបស់ ហ៊ុន សែន មិនមែនកើតចេញពីសាលារបស់អ្នកឯងនោះទេ ខួរក្បាលរបស់ ហ៊ុនសែន គឺកើតចេញពីការបង្រៀនរបស់ប្រជាជនខែ្មរ និងសាលារៀនរបស់កម្ពុជា»៕
អត្ថបទ៖ ពុទ្ធិកា