ឯកឧត្តម ស៊ាន បូរ៉ាត ត្រូវបានផ្អាកតួនាទីពីអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង នៅថ្ងៃទី១១ ខែសីហានេះ បានចេញសេចក្តីសម្រេចផ្អាកតួនាទីឯកឧត្តម ស៊ាន បូរ៉ាត ពីអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។

ឯកឧត្តម ស៊ាន បូរ៉ាត ត្រូវមកបង្ហាញខ្លួនរៀងរាល់ថ្ងៃធ្វើការ នៅអង្គភាពប្រឆាំងអំពើពុករលួយ។ នាយកដ្ឋានបុគ្គលិក និងបណ្តុះបណ្តាល មានភារកិច្ចសម្របសម្រួលការចុះវត្តមានប្រចាំថ្ងៃ។

គួរបញ្ជាក់ថា កាលពីថ្ងៃនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបើកការស៊ើបអង្កេតទៅលើឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងឧត្តមសេនីយ៍ឯក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ដែលពាក់ព័ន្ធនឹងសំណុំរឿងជាមួយអតីតឧកញ៉ា ឡេង ចាន់ណា ករណីឆបោកទ្រង់ទ្រាយធំនៅខេត្តកំពង់ធំ និងខេត្តសៀមរាប ដែលមានអ្នកចាញ់បោករាប់ពាន់នាក់ និងគិតជាទឹកប្រាក់រាប់លានដុល្លារ។