ប្រវត្តិចលនាតស៊ូរបស់កម្មករ និយោជិត រហូតទទួលបានលក្ខខណ្ឌការងារយ៉ាងសមប្រកប

ទិវាពលកម្មអន្តរជាតិ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី១ ខែឧសភា ជារៀងរាល់ឆ្នាំ នៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។ ទិវានេះ កើតមានឡើងនាចុងសតវត្សទី១៩ អំឡុងពេលដែលកម្មករប្រឈមមុខនឹងលក្ខខណ្ឌការងារដ៏លំបាក ធ្វើការលើសម៉ោងកំណត់ និងទទួលបានប្រាក់ឈ្នួលទាប។

The Haymarket Affair គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយនៅក្នុងប្រវត្តិសាស្រ្តការងារ ដែលបានកើតឡើងនៅរដ្ឋ Chicago សហរដ្ឋអាមេរិកនៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ ១៨៨៦ អំឡុងពេលកម្មករជាច្រើននាក់ បានតស៊ូដើម្បីទទួលលក្ខខណ្ឌការងារកាន់តែប្រសើរឡើង ដោយធ្វើការត្រឹមតែ ៨ ម៉ោងក្នុងមួយថ្ងៃជំនួសការធ្វើការ១២-១៦ ម៉ោងក្នុងមួយថ្ងៃ។ 

ការប្រមូលផ្តុំគ្នាដោយសន្តិវិធី នៅរដ្ឋឈីកាហ្គោនេះ បានប្រែក្លាយជាហិង្សា  បន្ទាប់ពីគ្រាប់បែកមួយគ្រាប់ត្រូវបានគប់ក្នុងអំឡុងពេលការតវ៉ា ដែលបណ្តាលឱ្យមនុស្សជាច្រើននាក់ ប៉ូលីស និងបាតុករ ត្រូវបានសម្លាប់។

ក្រៅពីនេះ មេដឹកនាំកម្មករជាច្រើននាក់ត្រូវបានចាប់ខ្លួន ហើយខ្លះទៀតត្រូវបានប្រហារជីវិត ទោះបីជាមិនមានភស្តុតាងច្បាស់លាស់ថាពួកគេបង្កឱ្យមានអំពើហិង្សាក៏ដោយ។ 

ទោះបីជាមានសោកនាដកម្មបែបនេះក្ដី ប៉ុន្តែព្រឹត្តិការណ៍នេះក៏បានក្លាយជានិមិត្តសញ្ញាដ៏មានឥទ្ធិពលនៃការតស៊ូរបស់កម្មករ រហូតដល់ថ្ងៃទី ១ ខែឧសភា ឆ្នាំ ១៨៨៩ ត្រូវបានជ្រើសរើសជាទិវាពលកម្មអន្តរជាតិដើម្បីគោរពដល់កម្មករដែលបានតស៊ូដើម្បីលក្ខខណ្ឌការងារកាន់តែប្រសើរឡើង ដោយទទួលបាន ប្រាក់ឈ្នួលសមរម្យ លក្ខខណ្ឌការងារប្រកបដោយសុវត្ថិភាព និងយុត្តិធម៌សង្គមសម្រាប់កម្មករទាំងអស់។

ដោយឡែក នៅប្រទេសកម្ពុជា ទិវាពលកម្មអន្តរជាតិ ជាឱកាសមួយដើម្បីទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់កម្លាំងពលកម្មក្នុងការកសាងសេដ្ឋកិច្ចរបស់ប្រទេស និងបម្រើជាការរំលឹកអំពីតម្រូវការដែលកំពុងបន្តដើម្បីការពារសិទ្ធិរបស់កម្មករ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេ៕

ដោយ៖ ផុន លីហ្សា