ឯកឧត្តម គួច វែងស្រ៊ុន ប្រាប់ឲ្យពលរដ្ឋប្រុងប្រយ័ត្ន ចំពោះការឆបោក ក្រោមរូបភាពសុំជំនួយរបស់​កងទ័ពជួរមុខ

នៅបណ្តាញគណនីហ្វេកបុកផ្ទាល់ខ្លូន នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី បានណែនាំឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសប្រុងប្រយ័ត្ន ចំពោះសកម្មភាពឆបោក ក្រោមរូបភាពសុំជំនួយរបស់កងទ័ពជួរមុខ។

ឯកឧត្តម គួច វែងស្រ៊ុន បានលើកឧទាហរណ៍ជាក់ស្តែង ដូចជាផុសអំពាវនាវ ពីតម្រូវការចាំបាច់ពីវីរកងទ័ពជួរមុខ អាយកូម ២០គ្រឿង,កុំព្យូទ័រឌីហ្សាញលេណដ្ឋានមួយគ្រឿង និងកែវយឺត១០គ្រឿង ។ការផុសនេះ បញ្ជាក់ច្បាស់ហើយ មកដល់ពេលនេះ មិនដែលកងទ័ពត្រូវការអាយកូម ២០គ្រឿងសម្រាប់ប្រើប្រាស់នោះទេ ហើយអាយកូមរបស់កងទ័ព មិនមែនយកអាយកូមធម្មតាទៅប្រើនោះទេ។ មួយវិញទៀតយកកុំព្យូទ័រឌីហ្សាញលេណដ្ឋាន វាមិនដែលនរណាគេធ្វើចឹងទេ។ បំពង់កែពង្រីក ទ័ពគេប្រើរបស់ជំនាញ មិនមែនយកកែវយឺតឆ្លុះកង្កែបទេ។ សូមបងប្អូនយើង មេត្តាឈប់ចូលរួមតាមការអំពាវនាវបែបនេះ ព្រោះទាហានជួរមុខយើង មិនខ្វះខាតសម្ភារ:បែបនេះទេ ហើយក៏គ្មានភាពចាំបាច់ដែលត្រូវបន្តផុសយ៉ាងដូច្នេះដែរ។

ឯកឧត្តម គួច វែងស្រ៊ុន បន្តថា បច្ចុប្បន្នបងៗវីរកងទ័ពកំពុងជាប់ដៃប្រចាំការខ្ពស់ លាក់ការណ៍ខ្ពស់ និងគ្រប់គ្នាម្នាក់ៗសុទ្ធតែជាវីរបុរសក្នុងដួងចិត្តយើងទាំងអស់គ្នា។ សូមទុកពេលជូនពួកគាត់បានសម្រាក ទៅតាមវេនដែលថ្នាក់លើរៀបចំ និងពិសេសគោលការណ៍លាក់ការណ៍សម្ងាត់កងទ័ព ជៀសវាងធ្វើអ្វីដែលព្រោះតែមធ្យោបាយនៃគោលដៅខ្លះ អាចបង្កើតជាបញ្ហាទៅវិញ។ នេះក៏ជាមូលហេតុដែលយើងមិនអាចទៅដល់ផ្ទាល់ដូចកាលមុនសង្គ្រាមឈ្លានពានដែរ។

ឯកឧត្តម អំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញសង្គម ពិសេស MMO កុំឆ្លៀតឱកាសយកទឹកចិត្តមហាជនចំពោះវីរកងទ័ព​​ ដើម្បីតែគោលបំណងរបស់ខ្លួន ធ្វើអ្វីដែលមិនត្រឹមត្រូវ ហើយបង្កើតជាការប៉ះពាល់ដល់ទឹកចិត្តវីរកងទ័ពយើង និងសេចក្តីថ្លៃថ្នូររបស់ពួកគាត់ផងដែរ។ ពួកគាត់កំពុងបំពេញបេសកកម្មយ៉ាងសកម្មក្នុងការការពារបូរណភាពទឹកដី គ្រប់គ្នាជាវីរបុរស៕

អត្ថបទ៖ ពុទ្ធិកា