តាមរយៈលើបណ្តាញសង្គមនាព្រឹកនេះ ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា លោក Casey Barnett បានប្រកាសអបអរសាទរ លទ្ធផលចរចារពាណិជ្ជកម្ម ( Trade Deal) អាមេរិកជាមួយកម្ពុជា។

ការប្រកាសរបស់អ្នកជំនួញអាមេរិករូបនេះ ធ្វើឡើងក្រោយលោក Howard Lutnick រដ្ឋមន្រ្តីពាណិជ្ជកម្មអាម៉េរិក នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន Fox News កាលពីថ្ងៃទី៣០ ខែកក្កដា បានអះអាងថា អាម៉េរិក បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយកម្ពុជានិងថៃហើយ ប៉ុន្តែលោក Lutnick មិនបានបញ្ជាក់ពីអត្រាពន្ធរបស់អាម៉េរិក ដែលនឹងដាក់លើកម្ពុជានោះទេ។
ការអះអាងរបស់រដ្ឋមន្រ្តីពាណិជ្ជកម្មបែបនេះ ធ្វើឡើងក្រោយកម្ពុជា និងថៃ បានប្រកាសបទឈប់បាញ់ ក្នុងជម្លោះព្រំដែនរយៈពេល ៥ថ្ងៃ ដែលបង្កដោយថៃ។ បទឈប់បាញ់នេះ ត្រូវបានជួយសម្របសម្រួលដោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក។
