កម្ពុជា ប្រាប់ទៅUN ពីសកម្មភាពមិនគោរពកិច្ចព្រមព្រៀងឈប់បាញ់របស់ថៃ

កម្ពុជា អំពាវនាវប្រធានក្រុមប្រឹក្សាសន្ដិសុខសហ​ប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ឲ្យបន្ដលើកទឹកចិត្តដល់ភាគីថៃ ឲ្យមានការគោរពឲ្យបានពេញលេញកិច្ចព្រមព្រៀងឈប់បាញ់ ខណៈកងកម្លាំងយោធាថៃ បានបន្ដជ្រៀតចូលទឹកដីកម្ពុជា ដោយខុសច្បាប់ជាញឹកញាប់ ដោយបានដាក់រាយបន្លាលួស និងសាងសង់ផ្លូវនៅកន្លែងជាច្រើន។

បើតាមឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បានបញ្ជាក់ថា ការអំពាវនាវបែបនេះបានធ្វើឡើង​តាមរយៈលិខិតរបស់ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ផ្ញើទៅកាន់ប្រធានក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១១ សីហាម្សិលមិញ។

ឯកឧត្តម ជុំ សុន្ទរី បានបន្តថា ក្នុងលិខិតនោះ រដ្ឋមន្ត្រីការបរទេសកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា-ថៃ បានចុះកិច្ចព្រមព្រៀងឈប់បាញ់ នៅក្នុងកិច្ចប្រជុំពិសេសដែលរៀបចំឡើងដោយម៉ាឡេស៊ី នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កិច្ចព្រមព្រៀងនេះបានជួយសង្គ្រោះអាយុជីវិតជាច្រើន និងផ្ដល់សង្ឃឹមដល់មនុស្សរាប់ពាន់នាក់ ដែលត្រូវបានជម្លៀសចេញពីទីលំនៅរបស់ខ្លួន ដោយបានបង្កើនក្ដីសង្ឃឹមថា ពួកគេអាចនឹងវិលត្រឡប់ទៅលំនៅឋានវិញ ក្នុងពេលឆាប់ៗនេះ ហើយនឹងអាចរស់នៅក្នុងសន្ដិភាព និងវិបុលភាពដ៏យូរអង្វែង។

បច្ចុប្បន្ននេះកិច្ចព្រមព្រៀងឈប់បាញ់ដ៏ផុយស្រួយនេះ កំពុងប្រឈមនឹងការគំរាមកំហែងកាន់តែធ្ងន់ធ្ងរឡើង ដោយសា​រតែ​កម្លាំងយោធាថៃ បានបន្ដបង្កើនការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដែលនេះជាការបំពានយ៉ាងច្បាស់លើច្បាប់អន្ដរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានសុពលភាពតាមផ្លូវច្បាប់។

រាជរដ្ឋាភិបាលកម្ពុជា ទាមទារឲ្យរាជរដ្ឋាភិបាលថៃ និងកងកម្លាំងយោធាថៃ ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការឈ្លានពាន និងការកាន់កាប់ដោយខុសច្បាប់ និងសកម្មភាពផ្សេងៗទៀតដែលរំលោភបំពានអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ ដកកងកម្លាំងយោធាថៃ និងឧបករណ៍ទាំងអស់ចេញពីទឹកដីកម្ពុជា ត្រឡប់ទៅទីតាំងដែលស្របទាំងស្រុងជាមួយព្រំដែនដែលត្រូវបានកំណត់ដោយស្របច្បាប់។ អនុញ្ញាតឲ្យបានពេញលេញ និងគ្មានលក្ខខណ្ឌនូវរាល់កាតព្វកិច្ចទាំងទ្វេរភាគី និងអន្ដរជាតិ៕

អត្ថបទ៖ ពុទ្ធិកា