ក្រសួងអប់រំយុវជន និងកីឡាបានឲ្យដឹងថា និស្សិតខ្មែរដែលកំពុងសិក្សាក្នុងប្រទេសថៃទាំងរូបភាពបង់ថ្លៃ និងអាហារូបករណ៍មានសរុបចំនួន១៨៧១នាក់។ ក្នុងនោះ មកទល់នឹងពេលនេះ មាននិស្សិតចំនួន៨០០នាក់ បានសម្រេចចិត្តត្រឡប់មកស្រុកកំណើតវិញ ខណៈនិស្សិតមួយចំនួនទៀត ក៏កំពុងមានគម្រោងធ្វើដំណើរត្រឡប់មកកម្ពុជាវិញដែរ។

ក្រសួងអប់រំបញ្ជាក់ថា ក្រសួងកំពុងសម្របសម្រួលទទួលយកនិស្សិតឱ្យចូលរៀនដោយឥតគិតថ្លៃទៅតាមជំនាញ ដែលសាមីខ្លួនស្នើសុំនៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជា។ ទន្ទឹមនោះ ក្រសួងក៏ជំរុញទៅនិស្សិតដែលមិនទាន់បានទាក់ទងគ្រឹះស្ថានសិក្សា គួររួសរាន់ទៅសាកសួរ និងពិគ្រោះយោបល់។
កាលពីថ្ងៃទី១២សីហា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជួបសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍ដែលត្រឡប់មកបន្តការសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន ក្នុងប្រទេសកម្ពុជា។
ថ្លែងក្នុងកម្មវិធីសំណេះសំណាល ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានលើកទឹកចិត្តឱ្យនិស្សិតទាំងអស់ បន្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យពូកែ ដើម្បីប្រែក្លាយខ្លួនទៅជាទំពាំងស្នងឫស្សី ជាយុវជនឆ្នើម ជាអ្នកដឹកនាំជំនាន់ក្រោយ និងជាមូលធនមនុស្សដ៏មានសក្តានុពល សម្រាប់ជួយអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិឱ្យរឹងមាំជានិរន្តរ៍។
រដ្ឋមន្រ្តីក្រសួងអប់រំបានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ចំពោះការប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សានៅក្នុងប្រទេសដែរ។
សូមជម្រាបថា កាលពីថ្ងៃទី ១៤ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវទៅពលរដ្ឋ និងនិស្សិត ឱ្យត្រឡប់មកកម្ពុជាវិញ ក្រោយស្ថានភាពកម្ពុជា-ថៃ កំពុងមានកម្តៅ។ កាលនោះ សម្តេចប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរ ដែលត្រឡប់មកពីថៃផងដែរ៕



