ឯកឧត្តម  ប៉ែន បូណា៖ កេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិ គឺការដោះមីន មិនមែនដាក់មីនថ្មីប្រឆាំងមនុស្សនោះទេ

នៅក្នុងសន្នីសីទសារព័ត៌មាន នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ  ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា កេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិ គឺការដោះមីន និងបំផ្លាញគ្រាប់មីនប្រឆាំងមនុស្ស មិនមែនការដាក់មីនថ្មីប្រឆាំងមនុស្សនោះទេ។ ចាប់តាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំង​មនុស្ស ដែលបានផ្តល់សច្ចាប័នក្នុងឆ្នាំ១៩៩៩ កម្ពុជាត្រូវបានទទួលស្គាល់ជាអន្តរជាតិ ចំពោះសមិទ្ធផល នៃការបោសសម្អាតមីន និងមិនមានការប្រើប្រាស់មីនប្រឆាំងនឹងមនុស្សនោះឡើយ។

ការបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា នាពេលនេះគឺជាការឆ្លើយតបទៅនឹងការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់ប្រទេសថៃ ពាក់ព័ន្ធនឹងការ​រងរបួសរបស់យោធាថៃ ដោយសារការផ្ទុះគ្រាប់មីននៅតំបន់ប្រាសាទតាមាន់ធំ  ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១២ សីហា ។

ជាមួយគ្នានេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានគូសបញ្ជាក់ដែរថា  មកទល់ពេលនេះ មិនមានការស៊ើបអង្កេតផ្លូវការ និងមានតម្លាភាព ដើម្បីបញ្ជាក់ការពិតនៅឡើយពាក់ព័ន្ធនឹងបញ្ហានេះ។

មួយវិញទៀត កម្ពុជាក៏តែងតែបានរំឭកភាគីថៃជាច្រើនលើកច្រើនសារថា តំបន់ទាំងនេះនៅមានគ្រាប់មីនដែលជាសំណល់ពីសង្គ្រាមជាច្រើនគ្រាប់ ហេតុ​ដូចនេះ​គ្រប់ភាគីពាក់ព័ន្ធគួរចៀសវាង ការធ្វើសេចក្តីសន្និដ្ឋានជាសាធារណណាមួយ មុនពេលរកឃើញការពិត និងផ្តល់យុត្តិធម៌សម្រាប់ទាំងអស់គ្នា ដើម្បីបញ្ចៀសការយល់ច្រឡំ ឈានដល់ការប្រឈមមុខដាក់គ្នានាំឱ្យមានភាពតានតឹងកើតឡើងសាជាថ្មី។

គួរបញ្ជាក់ថា ក្នុងនាមជារដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ដែលកម្ពុជាបានផ្តល់សច្ចាប័នក្នុងឆ្នាំ១៩៩៩ ហើយកម្ពុជាត្រូវបានទទួលស្គាល់ជាអន្តរជាតិ ចំពោះសមិទ្ធផល នៃការបោសសម្អាតមីន និងមិន មានការប្រើប្រាស់មីនប្រឆាំងមនុស្សនោះឡើយ។ កម្ពុជាបានបោសសម្អាត មីនប្រឆាំងមនុស្សប្រមាណជាង ១លានគ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាង ៣លានគ្រាប់ ដែលបានជួយសង្គ្រោះជីវិតមនុស្សជាច្រើន និងផ្តល់ដីសុវត្ថិភាពដល់សហគមន៍៕