ចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា ដែលទាហានថៃចូលឈ្លានពានកម្ពុជាមក ហើយមានប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ រាប់ម៉ឺននាក់ បានជម្លៀសមកកាន់ទីសុវត្ថិភាពចេញពីតំបន់សមរភូមិ ភ្លាមៗ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានដឹកនាំក្រុមយុវជនរៀបចំផ្គត់ផ្គង់ម្ហូបអាហារជូនដល់ប្រជាពលរដ្ឋភៀសសឹកនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

គិតត្រឹមថ្ងៃទី១៤ ខែសីហានេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តដឹកនាំក្រុមយុវជនបន្តរៀបចំផ្គត់ផ្គង់ម្ហូបអាហារជូនដល់ប្រជាពលរដ្ឋភៀសសឹក ៤គោលដៅដោយសហការជាមួយឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។
នៅក្នុងបេសកកម្មដ៏មានអត្ថន័យនេះ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បាននឹងកំពុងបន្តផ្គត់ផ្គង់ជូនប្រជាពលរដ្ឋភៀសសឹករបស់យើងចំនួន ៤គោលដៅក្នុងនោះរួមមាន៖ វត្តពោធិ៍ ៥០០០ដើម វត្តត្រាវគៀត វត្តបាក់កាំ និងទួលអណ្តែត ដោយបំរើម្ហូបឲ្យបងប្អូនប្រជាពលរដ្ឋហូបចុកគ្រប់គ្រាន់ រង់ចាំពេលវេលាដែលរាជរដ្ឋាភិបាលអនុញ្ញាតិឲ្យត្រឡប់ទៅកាន់លំនៅឋានវិញនាពេលដ៏ឆាប់ខាងមុខ៕



