សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្តេជ្ញាយ៉ាងមុតមាំធ្វើការជាមួយរដ្ឋាភិបាលបារាំង ដើម្បីផ្តល់សន្ទុះថ្មីដល់កិច្ចសហប្រតិបត្តិការ

រាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាយ៉ាងមុតមាំក្នុងការធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលបារាំង ដើម្បីផ្តល់នូវសន្ទុះថ្មីដល់កិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រកម្ពុជា-បារាំង និងរៀបចំរួមគ្នានូវកិច្ចការសំខាន់ៗ ខាងមុខ ជាពិសេសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា នៅឆ្នាំ២០២៦។

នៅក្នុងសារលិខិតអបអរសាទរដែលបានផ្ញើជូនចំពោះ ឯកឧត្តម សេបាស្យៀង ឡឺក័រនុយ (Sébastien Lecornu) នាយករដ្ឋមន្ត្រីបារាំងដែលទើបនឹងតែងតាំងថ្មី កាលពីថ្ងៃទី១៤ កញ្ញា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន
បញ្ជាក់ថា ការឡើងកាន់មុខតំណែងដ៏ខ្ពង់ខ្ពស់នេះ គឺជាជំហានដ៏សំខាន់ក្នុងអាជីពនយោបាយរបស់ ឯកឧត្តមឯកឧត្តម សេបាស្យៀង ឡឺក័រនុយ និងផ្តល់ទស្សនៈវិស័យថ្មីៗក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងកម្ពុជានិងបារាំង ដោយឈរលើប្រវត្តិសាស្ត្រ និងតម្លៃរួម។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏រំពឹងថា ឯកឧត្តម សេបាស្យៀង ឡឺក័រនុយ នឹងមានឱកាសអញ្ជើញមកទស្សនកិច្ចនៅ កម្ពុជាផងដែរ។

គួរបញ្ជាក់ថា ក្រោយ​សភាបារាំងដកទំនុកចិត្ត​ពី​លោក ហ្វ្រង់ស័រ បៃរូ, ប្រធានាធិបតីបារាំង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ បាន​តែង​តាំង​​ រដ្ឋមន្ត្រីការពារជាតិ ឯកឧត្តម សេបាស្យៀង ឡឺក័រនុយ Sébastien Lecornu ឲ្យ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី និង​រៀប​ចំ​ក្បាលម៉ាស៊ីន​រដ្ឋាភិបាល​​ថ្មី៕

អត្ថបទ៖ ពុទ្ធិកា