ការកើនឡើងនៃចលនាជាតិនិយមបានសាយភាយពេញប្រទេសកម្ពុជា ចំពោះចលនាពហិការមិនប្រើទំនិញ និងផលិតផលថៃ ដើម្បីជាការឆ្លើយតបចំពោះទង្វើររាប់សត្សវត្តដែលថៃតែងតែបំពាន និងឈ្លានពានមកលើកម្ពុជា។ ការអំពាវនាវនានានៅលើបណ្ដាញសង្គម ដែលមាន hashtag ដូចជា “ខ្មែរស្រលាញ់ខ្មែរ” និង “ពហិការផលិតផលថៃ” ជំរុញឱ្យប្រជាជនកម្ពុជាងាកមកគាំទ្រអាជីវកម្មនិងផលិតក្នុងស្រុក ដោយដាក់សម្ពាធយ៉ាងខ្លាំងលើក្រុមហ៊ុននាំចូលរបស់ថៃ និងកំពុងប្រតិបត្តិការនៅក្នុងប្រទេស។
ជាក់ស្តែងបច្ចុប្បន្នគេសង្កេតឃើញមានផលិតផលខ្មែរជាច្រើនប្រភេទ ជាពិសេសគឿងឧបភោគបរិភោគ ត្រូវបានដាក់លក់ជំនួសឱ្យទំនិញរបស់ថៃ នៅតាមផ្សារទំនើបនានា ក្នុងរាជធានីភ្នំពេញ។ វត្តមានផលិតផលខ្មែរកាន់ច្រើន និងសម្បូរបែបនេះ គឺបានមកពីការរួមគ្នាធ្វើពហិការមិនប្រើទំនិញថៃ របស់ពលរដ្ឋក្នុងស្រុក ក្រោយយោធាថៃបើកការឈ្លានពានយ៉ាងឃោរឃៅលើទឹកដីកម្ពុជា ចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥មក។
ចលនានេះត្រូវបានឯកឧត្តម ហ៊ុន ម៉ានី បញ្ចេញការយល់ឃើញថា ឯកឧត្តមយល់ច្បាស់ពីទឹកចិត្ត វីរៈភាព ព្រមទាំងមនោសញ្ចេតនាស្នេហាជាតិដ៏ជ្រាលជ្រៅ និងប្តូរផ្តាច់របស់បងប្អូន ជាទីគោរពស្រឡាញ់ទាំងអស់ ជាពិសេសចំពោះស្ថានភាពចំពោះមុខរបស់ជាតិ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនយើង។
តាមរយៈសំណេរលើបណ្តាញសង្គមនៅថ្ងៃទី១៥ ខែសីហា ឯកឧត្តមបានបន្តថា៖ «នៅក្នុងដំណាក់កាល និងកាលៈទេសៈបែបនេះ ខ្ញុំយល់ថា ដើម្បីជម្នះបានទាំងឧបសគ្គចំពោះមុខ និងតទៅអនាគតយូរអង្វែង អ្វីដែលត្រូវធ្វើ គឺការខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួនយើង ឱ្យមានភាពរឹងមាំ និងភាពម្ចាស់ការ។ យើងត្រូវយកឱកាសនេះប្រឹងប្រែងផលិតនូវអ្វីដែលជាតម្រូវការទ្រទ្រង់ការរស់នៅប្រចាំថ្ងៃរបស់យើងឱ្យបាន ឱ្យយើងមានឯករាជ្យភាពទាំងសមត្ថភាព និងផលិតភាព។ យើងក៏ត្រូវយកឱកាសនេះរួមគ្នាខិតខំបង្ហាញ និងលើកតម្កើងនូវអ្វីដែលជាផលិតផលក្នុងស្រុករបស់យើងឱ្យខ្លាំងក្លា និងដើម្បីពង្រឹងសមត្ថភាពផ្គត់ផ្គង់របស់យើងឱ្យបានគ្រប់គ្រាន់ និងពេញលេញ ជាជាងចំណាយពេលធ្វើចលនាពហិការទំនិញ និងផលិតផលបរទេស ដែលចំណែកណានោះ បានក្លាយជាសរសៃឈាមសេដ្ឋកិច្ច និងការងាររបស់ខ្មែរយើងរួចទៅហើយ។ យើងក៏អាចពិចារណាផងដែរ លើអ្វីដែលអាចឈានលើសពីពហិការទំនិញ ឱ្យក្លាយទៅជាសង្គ្រាមពាណិជ្ជកម្ម ដែលប្រការនេះទាមទារឲ្យមានការពិចារណាល្អិតល្អន់ជាងនេះ សម្រាប់អនាគតយូរអង្វែងទៅមុខ»។
ឯកឧត្តមបានបន្តថា នេះជាមេរៀនដ៏សំខាន់ គឺការពង្រឹងខ្លួនយើងឱ្យកាន់តែរឹងមាំឡើង យើងត្រូវពង្រឹងជាប់ជានិច្ច ពីព្រោះថា ពេលយើងរឹងមាំ នោះការនាំចូលពីប្រទេសជិតខាងនឹងត្រូវបានកាត់បន្ថយជាស្វ័យប្រវត្តិ ហើយកម្ពុជាយើងនឹងឈានទៅរកភាពម្ចាស់ការលើទីផ្សារ នៃទំនិញនិងផលិតរបស់ខ្លួនបាន ជាក់ជាមិនខាន។
«សារជាថ្មីម្តងទៀត ខ្ញុំបានយល់ពីទឹកចិត្តស្នេហាជាតិរបស់បងប្អូនជនរួមជាតិ។ ទោះយ៉ាងណាក្តី ពេលនេះ ម៉ោងនេះ ខ្ញុំស្នើសុំបងប្អូនជនរួមជាតិ បន្តផ្តល់នូវសំឡេងស្នេហាជាតិមួយរួមគ្នា ដើម្បីផ្តល់កម្លាំងចិត្ត ការគាំទ្រ និងភាពជឿជាក់លើកិច្ចខិតខំប្រឹងប្រែងក៏ដូចជារាល់វិធានការ របស់សម្តេចធិបតី ប្រមុខរាជរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធដែលកំពុងដឹកនាំ អនុវត្តការងារស្នូល ជាយុទ្ធសាស្ត្រ សំខាន់បំផុត ទាំងលើការដ្ឋានយោធា ការដ្ឋានការទូត និងការដ្ឋានច្បាប់ ជាពិសេស ការគោរពបទឈប់បាញ់ ឈានឆ្ពោះទៅការបញ្ចប់សង្គ្រាម ដើម្បីកម្ពុជាទទួលមកវិញនូវសន្តិភាពពេញលេញ»។ នេះជាការលើកឡើងបន្ថែមរបស់ឯកឧត្តម ហ៊ុន ម៉ានី៕
អត្ថបទ៖ អក្ខរា


