សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បានផ្ញើសារលិខិតអបអរសាទរជូន ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតីឥណ្ឌូណេស៊ី ក្នុងឱកាសខួបលើកទី៨០ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋឥណ្ឌូណេស៊ី។

នៅក្នុងលិខិត សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នាឱកាសដ៏សំខាន់នៃខួបលើកទី៨០ នៃទិវាបុណ្យឯករាជ្យជាតិ របស់សាធារណរដ្ឋឥណ្ឌូណេស៊ី ក្នុងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចសូមសម្តែងនូវការអបអរសាទរយ៉ាងជ្រាលជ្រៅបំផុត ជូន ឯកឧត្តម រដ្ឋាភិបាល និងប្រជាជននៃប្រជាជាតិដ៏អស្ចារ្យរបស់ ឯកឧត្តម។
សម្តេចតេជោ ហ៊ុន សែន បន្តថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីពេលវេលាដ៏រីករាយសម្រាប់ប្រជាជន ឥណ្ឌូណេស៊ីប៉ុណ្ណោះទេ ក៏ប៉ុន្តែជាមោទនភាពដ៏ធំធេងចំពោះសមិទ្ធផលគួរកត់សម្គាល់ជាច្រើនរបស់ ឥណ្ឌូណេស៊ី ដែលបុព្វបុរសរបស់ឥណ្ឌូណេស៊ីសម្រេចបាន។
សម្តេចជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ,ឥណ្ឌូណេស៊ីនឹងបន្តដំណើរឆ្ពោះទៅសម្រេច បាននូវចក្ខុវិស័យឥណ្ឌូណេស៊ីមាសឆ្នាំ២០៤៥ ក្លាយជាប្រទេសប្រកបដោយភាពធន់ វិបុលភាព បរិយាបន្ន និងចីរភាព និងដើរតួនាទីកាន់តែសំខាន់ក្នុងសន្តិភាពពិភពលោក និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ដើម្បីបន្តជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យយ៉ាងជិតស្និទ្ធ និងយូរអង្វែង ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី រវាងកម្ពុជា និងឥណ្ឌូណេស៊ី ដើម្បីបម្រើឧត្តមប្រយោជន៍នៃប្រជាជាតិ និងប្រជាជនយើងទាំងពីរ និងដើម្បីរួមចំណែករក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់អាស៊ាន និងសកលលោក៕
អត្ថបទ៖ ពុទ្ធិកា
