ក្រុមអ្នកសង្កេតការណ៍អន្តរកាល មកពីប្រទេសចំនួន៥ ចុះទៅសង្កេត​ការណ៍នៅខេត្តព្រះវិហារ

នៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា នៅវេលាព្រឹកថ្ងៃទីនេះ ក្រសួងការពារជាតិ បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានតំណាងមកពីប្រទេសចំនួន៥ ដឹកនាំដោយលោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា បានចេញដំណើរពីក្រសួងការពារជាតិកម្ពុជា ឆ្ពោះទៅខេត្តព្រះវិហារ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពក្រោយបទឈប់បាញ់។

ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) មកពីប្រទេសចំនួន៥ នោះរួមមាន មកពីប្រទេសម៉ាឡេស៊ី វៀតណាម ហ្វីលីពីន ឡាវ និងឥណ្ឌូណេស៊ី ។

ជាមួយនឹងការចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ របស់ក្រុមអ្នកសង្កេតការណ៍អន្តរកាលនេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបន្តថា កម្ពុជានៅបន្តទាមទារឱ្យភាគីថៃអនុវត្តកិច្ចព្រមព្រៀង ដោយប្រគល់ឱ្យកម្ពុជាវិញ​នូវកងកម្លាំងកម្ពុជា១៨រូប ដែលត្រូវយោធាថៃចាប់ខ្លួនដោយខុសច្បាប់ក្រោយបទឈប់បាញ់ ដែលរហូតដល់ពេលនេះមានរយៈពេល២១ថ្ងៃហើយ។ ក្រសួងការពារជាតិកម្ពុជា កងយោធពលខេមរភូមិន្ទ និងសហគមន៍អន្តរជាតិ បន្តទាមទាររហូតដល់ភាគីថៃ អនុវត្តច្បាប់អន្តរជាតិ ប្រគល់ពួកគាត់មកកម្ពុជាវិញ។

លោកជំទាវ ក៏បានលើកឡើងជាថ្មីដែរថា រាជរដ្ឋាភិបាល កងទ័ព និងប្រជាជន បានរួមគ្នាជាធ្លុងមួយ ក្នុងការការពារទឹកដី សេចក្តីថ្លៃថ្នូរ​ និងអធិបតេយ្យភាពរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ច្បាស់លាសជាទីបំផុត។ ការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញរវាងភាគីទាំងសងខាង នឹងធ្វើឱ្យបរិយាកាសមានភាពអំណោយផល នាំមកវិញនូវសន្តិភាព ​ស្ថិរភាព ប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការធ្វើការប្រកបដោយស្ថាបនា ដោយស្មោះត្រង់ និងសហការយ៉ាងជិតស្និទ្ធ ជាមួយប្រទេសថៃ ម៉ាឡេស៊ី បណ្តាប្រទេសសមាជិកអាស៊ានដទៃទៀត និងដៃគូពាក់ព័ន្ធទាំងអស់ ដូចជាអាមេរិក ចិន ដើម្បីធានា ការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព​និងពេញលេញ​ និងដោះស្រាយវិវាទដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ​ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន៕

អត្ថបទ៖ ពុទ្ធិកា