គិតចាប់ពីថ្ងៃទី២៧ ខែមិថុនាដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រោមការចង្អុលបង្ហាញពីគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប. ឆ.ប. (ONLINE SCAMS)បានចាត់វិធានការបង្រ្កាបតាមគោលដៅចំនួន ៧២ ទីតាំង ក្នុង១៨ រាជធានី ខេត្ត ដោយបានឃាត់ខ្លួនជនសង្ស័យសរុបចំនួនប្រមាណ ៣១៧០ នាក់ មាន១៩សញ្ជាតិ។
ក្នុងយុទ្ធនាការបង្ក្រាបសកម្មភាពឆបោកអនឡាញក្នុងនោះដែរ សមត្ថកិច្ចបានចាត់វិធានការបញ្ជូនមុខសញ្ញាសង្ស័យជាមេខ្លោងចំនួន៦៦នាក់ និងបក្ខពួករបស់ពួកគេទៅតុលាការដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន ខណៈជនបរទេសពាក់ព័ន្ធការឆបោកអនឡាញចំនួនសរុបប្រមាណជាង ២ ៤៥០ នាក់ និរទេសចេញពីកម្ពុជា។
គួរកត់សម្គាល់ថា ក្នុងប្រតិបត្តិការបោសសម្អាតអំពើឆបោកអនឡាញនៅខេត្តកំពតកាលពីពេលថ្មីៗនេះ សមត្ថកិច្ចបានបង្រ្កាបនិងឃាត់ខ្លួនមេខ្លោងចំនួន ១៤ នាក់ ដែលពាក់ព័ន្ធនឹងករណីឆបោកអនឡាញ អំពើឃាតកម្ម និងការជួញដូរមនុស្ស ដែលវាបានក្លាយជាប្រតិបត្តិការបង្រ្កាបទ្រង់ទ្រាយធំមួយក្នុងចំណោមប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិតក្នុងរយៈពេលប្រមាណ៦០ថ្ងៃ គិតចាប់ពីខែមិថុនា ដល់ពាក់កណ្តាលខែសីហា ឆ្នាំ២០២៥នេះ ក្នុងនោះ សមត្ថកិច្ចក៏បានជួយសង្រ្គោះជនរងគ្រោះដោយអំពើជួញដូរ និងបានបំបែកបណ្តាញឧក្រិដ្ឋជនឆបោក និងសំបុកនៃការជួញដូរមនុស្ស។
គួររម្លឹកផងដែរថា ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ យុទ្ធនាការបង្រ្កាបរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយក្រសួង ស្ថាប័ន គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ជាសេនាធិការរបស់រាជរដ្ឋាភិបាល បានបង្រ្កាបក្រុមឧក្រិដ្ឋជនឆបោកអនឡាញ និងអំពើល្មើសពាក់ព័ន្ធ សរុបប្រមាណជាង ២៤ ០០០ (ជាងពីរម៉ឺន ៤ពាន់) ក្នុងនោះជនបរទេសចំនួន២៣,៩៩០ នាក់ត្រូវបាននិរទេសចេញពីកម្ពុជា។ ជាមួយគ្នានេះ សមត្ថកិច្ចបានជួយសង្រ្គោះជនរងគ្រោះពីអំពើជួញដូរ និងអំពើឆបោកអនឡាញ សរុបចំនួនប្រមាណជាង ៤,៨០០នាក់ មាន ២៧សញ្ជាតិ។
ក្រោយការបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) កម្ពុជាបានផ្តោតលើការស្រាវជ្រាវ ស៊ើបអង្កេត បង្រ្កាប និងបោសសម្អាត ព្រមទាំងចាត់វិធានការច្បាប់លើជនសង្ស័យ ដោយទទួលបានលទ្ធផលជាបន្តបន្ទាប់ ដោយមានការចូលរួមពីក្រសួង ស្ថាប័ន គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
ក្នុងក្របខ័ណ្ឌនៃកិច្ចខិតខំទាំងនេះ កិច្ចសហប្រតិបត្តិការអន្តរជាតិមានសារៈសំខាន់ រួមចំណែកដល់កិច្ចប្រឹងប្រែងរួមគ្នា ដើម្បីប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបាននិងកំពុងកើតមានឡើងក្នុងប្រទេសជាច្រើន។
សូមបញ្ជាក់ថា ក្នុងការអនុវត្តយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕