រូបភាពល្អ និងមានប្រៀបជាង គឺសៀមចង់បានណាស់ ដើម្បីបង្អួតថា ខ្លួនបានគោរពបទឈប់បាញ់យ៉ាងខ្ជាប់ខ្ជួន។ រីឯក្នុងតុចរចារកម្រិត រដ្ឋមន្រ្តីការពារជាតិ កម្រិតភូមិភាគ គឺសៀម បានចូលរួមតាមការកំណត់ដែលព្រមព្រៀងគ្នា កាលពីថ្ងៃទី២៨ កក្កដា នៅប្រទេសម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន ក្រោមការសម្លុតពីប្រធានាធិបតីអាមេរិក និងមានចិន ជាអ្នកឈរមើល។
បើទោះមិនមានការផ្ទុះអាវុធជាថ្មី តែសៀមបន្តពង្រីកជម្លោះ រហូតដល់តំបន់ប្រជាជនស៊ីវិល ហើយស្ថានការណ៍ចុងក្រោយនេះ ទាហានសៀម បានបន្តពង្រាយបន្លាលួស ដើម្បីទាក់ដៃកម្ពុជា ឲ្យអស់ការអត់ធ្មត់ ហើយឈានទៅប្រព្រឹត្ត អំពើណាមួយឬក៏ផ្ទុះអាវុធ រួចហើយមកចោទកម្ពុជាបំផ្លាញបទឈប់បាញ់ មិនស្តាប់តាមអាមេរិក ចិន និងម៉ាឡេស៊ី។ នេះជាល្បិចសៀម ដើម្បីវាយសង្រ្គប់លើកម្ពុជាម្តងទៀត។
ការរដោះស្រាយតាមច្បាប់ការទូតវិញ ពេលនេះសៀមដើរជាន់កែងជើងខ្លួនឯងជាច្រើនករណី។ ក្បាច់កុហក លាបពណ៌ចោទកម្ពុជាគ្រប់រឿង សៀម ក៏ជិតអស់ក្បាច់។ រឿងចោទកម្ពុជាដាក់មីនថ្មី ឥឡូវគណៈកម្មការ អនុសញ្ញាអូតាវ៉ា ទទួលយក ការបំភ្លឺរបស់កម្ពុជា ដោយបានច្រានចោលការចោទប្រកាន់របស់សៀមលើការដាក់មីនថ្មី។
ប្រទេសសៀមកំពុងលង់ខ្លួនជ្រៅទៅក្រោមកណ្តាប់ដៃ អ្នកដាក់សំណែនដល់វាំង ខ្ចីអាជ្ញាប្រើយកមកដោះស្រាយភាពទាល់ច្រករបស់ខ្លួន។ ខ្លាចផ្អើលនៅបាងកក ខិតខំកែនមនុស្ស មកបង្កររឿងនៅខេត្តស្រះកែវ ជាប់ព្រំដែនជាមួយខេត្តបន្ទាយមានជ័យ ដោយប្រើទាហានសៀម បន្តព្យាយាមរាយបន្លាលួសលើដីខ្មែរស្រស់ៗ គឃ្លើនណាស់ ដើម្បីបង្លំភ្នែកសាសន៍សៀម។ សាសន៍សៀម ត្រូវបានក្រុមអាមាត្យខ្ចីដៃវាំង បង្វិលដូចអាប៉ោង។
ចេតនា របស់សៀមចង់ឲ្យប្រជាជនប៉ះគ្នា ហើយកងកម្លាំងលូកដៃផ្ទុះអាវុធ តែកម្ពុជាស្ងាត់ស្ងៀម តែដើរការទូត។ បងប្អូន សៀមរុញរឿងឲ្យក្តៅមកនៅព្រំដែន ដើម្បីបញ្ជៀសបាតុកម្មនៅបាងកក។ សៀម ចង់អូសដៃកម្ពុជា និយាយតែពីរនាក់។ ដូច្នេះសៀមរំអុកកម្ពុជាឲ្យនិយាយតែ២នាក់ តែយើងបន្តនាំអ្នកអង្កេតការណ៍អន្តរជាតិមើលសៀម លេងល្បែងរាយបន្លាលួសព័ទ្ធដីខ្មែរ បំបែកកំលាំងសាមគ្គីរបស់ពលរដ្ឋ ជាមួយរាជរដ្ឋាភិបាល ខណៈសៀម វ៉ល់ពេញប្រទេស រីឯសត្រូវជុំទិស។
យ៉ាងណា សៀមជាអ្នកទម្លាក់សន្លឹកបៀរមុន កម្ពុជាទេដែលជាអ្នកទម្លាក់តាមក្រោយ តែលេងលើកនេះ សៀមកុំភ្លេចថាមានអ្នកឈរមើលច្រើន ចឹងពិបាកលេងល្បិចដាក់តិចហើយ។ សៀមហ៊ានលេងល្បិច បន្លំអ្នកឈរមើល តែគេអ្នកឈរមើល ក៏មិនបណ្តោយឲ្យលេងបន្លំ តាមទំនើងចិត្តឡើយ។
យុត្តិធម៌ត្រូវតែមាន សន្តិភាពត្រូវតែមាន បងប្អូនខ្មែរគ្រប់គ្នា ត្រូវពួតស្រាក់ដៃគ្នាជ្រោងទង់ជាតិខ្មែរឲ្យអណ្តែតលើវេហា។ ស្ថានភាពនេះ បងប្អូនឃើញថ្នាក់ដឹកនាំយើងលោកស្ងាត់ស្ងៀម តែក៏ដើម្បីរក្សាឲ្យបាននូវបទឈប់បាញ់។ បទឈប់បាញ់នេះ ពិតជាផុយស្រួយក៏ពិតមែន តែថ្នាក់ដឹកនាំយើងលោកថ្មមណាស់កុំឲ្យមានការប្រេះស្រាំរហូតដល់បែកដោយប្រការណាមួយនោះ។ រឿងបាញ់គ្នាកម្ពុជាមិនខ្លាចសៀមទេ ប៉ុន្តែកម្ពុជាជ្រើសរើសន្តិភាព កម្ពុជាស្អប់ណាស់សង្រ្គាម។ កម្ពុជាដើរតាមច្បាប់អន្តរជាតិ។

