ក្រសួងការពារជាតិ បញ្ជាក់សាជាថ្មីថា កម្ពុជាមិនបានប្រើប្រាស់ និងមិនបានដាក់គ្រាប់មីនថ្មីនោះទេ

កម្ពុជាមិនបានប្រើប្រាស់ និងមិនបានដាក់គ្រាប់មីនថ្មីឡើយ និងប្រកាន់ខ្ជាប់នូវការគោរពអនុសញ្ញាអូតាវ៉ា ដែលកម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស។ កម្ពុជាក៏ធ្លាប់បានជម្រាបជូនភាគីថៃនិងសហគមន៍អន្តរជាតិជាច្រើនដងរួចមកហើយថា នៅតាមបណ្តោយព្រំដែនក្នុងទឹកដីកម្ពុជា គឺនៅមានគ្រាប់មីនជាច្រើនដែលបន្សល់ទុកពីសម័យសង្គ្រាមស៊ីវិល។

នៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានសម្ដែងការសោកស្តាយចំពោះឧបទ្ទវហេតុនៃការផ្ទុះគ្រាប់មីនដែលបណ្តាលឱ្យកងទ័ពថៃរងរបួស នៅតំបន់ប្រាសាទតាក្របី នាថ្ងៃទី២៧ ខែសីហា។

លោកជំទាវ ឧត្តមសេនីយ៍ឯក បានបញ្ជាក់ទៀតថា កម្ពុជាសូមគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ និងច្បាស់លា​ស់បំផុតនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួន ក្នុងការគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ដែលបានសម្រេចកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ឯកភាពទាំង ១៣ ចំណុចឯកភាពក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។

លោកជំទាវ ឧត្តមសេនីយ៍ឯក ក៏អំពាវនាវឱ្យភាគីថៃគោរពនូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រមទាំងស្មារតី និងការឯកភាពគ្នា នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ(GBC) ដែលថា «ភាគីទាំងពីរបានព្រមព្រៀងគ្នារក្សាកម្លាំងយោធារបស់ខ្លួននៅក្នុងទីតាំងបច្ចុប្បន្ន ដោយមិនអនុញ្ញាតឱ្យផ្លាស់ទីហួសពីទីតាំងដែលខ្លួនបានឈរជើងក្នុងពេលកិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមាននៅម៉ោង១២ រំលងអធ្រាត្រ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឡើយ។ ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការដើរល្បាតទៅលើទីតាំងរបស់ភាគីម្ខាងទៀតឡើយ។

លើសពីនេះទៀត កម្ពុជាបានប្រកាន់ខ្ជាប់និងអនុវត្តតាមស្មារតីដែលភាគីទាំងពីរបានឯកភាពគ្នា ក្នុងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នាពេលកន្លងមក ជាពិសេសកិច្ចប្រជុំវិសាមញ្ញ ថ្នាក់យោធភូមិភាគរវាងយោធភូមិភាគទី៤ កម្ពុជានិងបញ្ជាការដ្ឋានកងទ័ពភូមិភាគទី២ ថៃ ដែលទើបតែបញ្ចប់ទៅនៅវេលាម៉ោង ១១:៥៣ នាទី ក្នុងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ ដោយភាគីទាំងពីរបានឯកភាពគ្នាបង្កើនជំនឿទុកចិត្តសំដៅកាត់បន្ថយភាពតានតឹង និងរក្សាសន្តិភាពនៅតាមបណ្តោយព្រំដែន ដោយប្រើប្រាស់យន្តការផ្សេងៗដើម្បីដោះស្រាយភាពខុសគ្នាដោយសន្តិវិធី និងបញ្ជៀសការប៉ះទង្គិចគ្នា ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពនិងសាមគ្គីភាព និងប្រសិនបើមានបញ្ហាអ្វីត្រូវរួមគ្នាដោះស្រាយតាមយន្តការដែលមានស្រាប់។ ក្នុងន័យនេះ កម្ពុជាស្នើសុំឱ្យភាគីថៃអនុវត្តដូចគ្នានូវស្មារតីនេះ៕