អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងពីអនាគតអាជីពរបស់មេទ័ពភូមិភាគទី២ថៃ ឧត្តមសេនីយ៍ឯក ប៊ុនស៊ិន បាដក្លាង ដែលខិតខំប្រឹងញេញធ្មេញជាមួយកម្ពុជា ដើម្បីឈានទៅទិសដៅធំបំផុតរបស់លោក បាដក្លាង គឺឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រថៃ។

ឯកឧត្តម ខៀវ កាញារិទ្ធ អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន បច្ចុប្បន្នជាសមាជិករដ្ឋសភាមណ្ឌលខេត្តកំពង់ចាម បានរំលេចលើបណ្តាញសង្គមផ្ទាល់ខ្លួននៅថ្ងៃទី២៨ ខែសីហានេះថា កាលពីថ្ងៃមុន ឯកឧត្តមបាននិយាយរួចហើយគឺថៃយកសង្គ្រាមព្រំដែនដើម្បីស្តារឥទ្ធិពលកងទ័ពខ្លួនដែលធ្លាក់ចុះ តែនៅមានចំណុចមួយទៀតដែលមនុស្សជាច្រើនមិនទាន់មើលឃើញ។ នោះគឺអនាគតនយោបាយរបស់លោក ឃ្លាំង មេយោធិភូមិភាគ ២ ថៃ ដែលដុតរឿងរហូត។
ឯកឧត្តមលើកឡើងថា លោកឃ្លាំងដល់ពេលដែលត្រូវបញ្ចប់អាជីពរបស់ខ្លួន ( ចូលនិវត្តន៍ ) តែលោកឃ្លាំងមានសង្ឃឹមតិចណាស់ដែលបានតំណែងជារដ្ឋមន្ត្រីមួយកន្លែងនៅក្នុងរដ្ឋាភិបាល ហេតុនេះទិសដៅធំបំផុតរបស់លោកឃ្លាំង គឺឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ។ នៅលើកន្លែងនេះលោកឃ្លាំងមានសង្ឃឹមច្រើនបើគាត់ប្រឹងសំញេញធ្មេញជាមួយកម្ពុជា ព្រោះសមាជិកក្រុមប្រឹក្សាព្រះមហាក្សត្របច្ចុប្បន្នសុទ្ធតែចាស់ហើយរើសដោយព្រះមហាក្សត្រមុន មិនទាន់មានអ្នកណាមួយរើសដោយមហាក្សត្របច្ចុប្បន្ននេះទេ។
ឯកឧត្តម ខៀវ កាញារិទ្ធ បានសង្កត់ធ្ងន់ថា ព្រះមហាក្សត្របច្ចុប្បន្នជាយោធាអាជីព ហើយ កាលមិនទាន់ឡើងរាជ្យព្រះអង្គត្រូវគេរិះគន់ច្រើន ហេតុនេះព្រះអង្គត្រូវបង្ហាញរូបភាពថ្មី ។ ពេលនេះ អ្នកនៅជុំវិញព្រះអង្គសុទ្ធតែត្រូវបំពាក់សក្តិចូលជាយោធាទាំងអស់ ដែលជាជំហានមួយមិនមែនគ្រាន់តែបង្ហាញថា ព្រះមហាក្សត្រជាមេលើកងទ័ពទេ តែមហាក្សត្រថៃនិងកងទ័ពថៃគឺតែមួយ។
បើតាមការព្យាករណ៍របស់ឯកឧត្តមអតីតរដ្ឋមន្រ្តីព័ត៌មានកម្ពុជា ខៀវ កាញារិទ្ធ នេះជាច្រកសង្ឃឹមរបស់លោកឃ្លាំង ហើយដែលឯកឧត្តមតែងទូន្មានទៅបងប្អូនខ្មែរយើង កុំបង្ហោះរូបភាព ឬ និយាយអ្វីប៉ះពាល់ដល់មហាក្សត្រថៃ ព្រោះគេក៏មិនប៉ះពាល់មកលើយើងដែរ និងដើម្បីកុំធ្លាក់ចូលអន្ទាក់ជំរុញអោយស្ថាបន័កំពូលថៃឈានដល់កម្រិតដាច់ខាត ( radicalization ) ជាមួយកម្ពុជា ដូចសម្តេចតេជោតែងលើកឡើងថា «កុំបិទផ្លូវឈាម» ។
សូមជម្រាបជូនថា ជម្លោះប្រដាប់អាវុធកម្ពុជាថៃ កាលពីថ្ងៃ២៤ ដល់ថ្ងៃទី២៨ ខែសីហា អស់ពេល ៥រាត្រីកាលកន្លងទៅ ឧត្តមសេនីយ៍ឯក ប៊ុនស៊ិន បាដក្លាង ជាមេទ័ពដ៏សំខាន់មួយរូបរបស់ថៃ ដែលព្យាយាមប្រកាសបង្ករជម្លោះជាមួយកម្ពុជា ដោយគំរាមម្តងហើយម្តងទៀតវាយសង្រ្គប់លើទឹកដីកម្ពុជា៕
