ព្រឹទ្ធសភា ឯកភាពទាំងស្រុងលើវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ

ព្រឹទ្ធសភា បានឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ នៅក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ដែលបានធ្វើឡើង ក្រោមអធិបតីភាពឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា។

សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងក្នុងគោលបំណងកែសម្រួល និងបន្ថែមរបបគតិយុត្តអំពី ការបាត់សញ្ជាតិខ្មែរ តាមរយៈការដកសញ្ជាតិខ្មែររបស់ជនដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឬនៅក្រៅប្រទេស ដើម្បីឱ្យស្របតាមមាត្រា៣៣ថ្មី នៃរដ្ឋធម្មនុញ្ញ។

សេចក្តីព្រាងច្បាប់នេះក៏ជាឧបករណ៍គតិយុត្តដ៏សំខាន់ដែលធានាធម្មនុញ្ញភាព ធានាការពារ សន្តិភាព អធិបតេយ្យជាតិ និងទប់ស្កាត់រាល់សកម្មភាពទាំងឡាយណា ដែលបំផ្លាញឧត្តមប្រយោជន៍ជាតិ សេចក្តីថ្លៃថ្នូររបស់ជាតិ និងប្រជាជនកម្ពុជា។ ការធ្វើវិសោធនកម្មច្បាប់នេះ ក៏បង្ហាញឱ្យឃើញ អំពីភាពរឹងមាំនៃក្របខ័ណ្ឌច្បាប់ក្នុងការពង្រឹងកិច្ចការពារជាតិផងដែរ។

គួរធ្វើការកត់សម្គាល់ថា នាពេលថ្មីៗនេះ ប្រទេសជាតិកំពុងស្ថិតក្នុងស្ថានភាពតានតឹង និងកំពុងប្រឈមនឹងការឈ្លានពានទឹកដីពីសំណាក់រដ្ឋបរទេស បែរជាមានជនអគតិដែលមានសញ្ជាតិខ្មែរមួយចំនួនតូច ជាពិសេសក្រុមដែលកំពុងរស់នៅក្រៅប្រទេស បាននិងកំពុងធ្វើសកម្មភាពយ៉ាងគឃ្លើនចូលរួម និងគប់គិតជាមួយនឹងបរទេសប្រព្រឹត្តអំពើក្បត់ជាតិ និងធ្វើសកម្មភាពបណ្តាលឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្តីសុខសាន្តរបស់ប្រជារាស្ត្រ និងសន្តិសុខជាតិ ព្រមទាំងឧត្តមប្រយោជន៍របស់ជាតិ ខណៈពេលដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំកសាងខឿនការពារជាតិ និងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។

កាលពីសម័យសង្គមរាស្រ្តនិយម ច្បាប់ស្តីពីការបាត់សញ្ជាតិខ្មែរ ដែលប្រកាសឱ្យប្រើតាមព្រះរាជក្រមលេខ ៣៧៧/ ៦៨ ប.រ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៦៨ ក៏បានកំណត់អំពីការបាត់សញ្ជាតិខ្មែរ ក្នុងករណីបុគ្គលនោះត្រូវបានតុលាការកាត់ទោសយ៉ាងតិចត្រឹមទោសឧក្រិដ្ឋថ្នាក់ទី១ ពីបទវិទ្ធង្សនា ក្បត់ជាតិ ឬប្រទូសរ៉ាយនឹងភាពសុខសាន្តខាងក្នុង ឬខាងក្រៅរដ្ឋ។ ទន្ទឹមនឹងនេះនៅលើពិភពលោកនាពេលបច្ចុប្បន្ន មានប្រទេសប្រមាណ ១៥០ប្រទេសដែលមានច្បាប់ដកសញ្ជាតិ ហើយនៅក្នុងចំណោមប្រទេសអាស៊ានទាំង១០ គឺប្រទេសចំនួន៩មានច្បាប់ នេះរួចទៅហើយ លើកលែងតែកម្ពុជាតែប៉ុណ្ណោះ។

សេចក្តីព្រាងច្បាប់សញ្ជាតិ ត្រូវបានរដ្ឋសភាកម្ពុជា អនុម័តយល់ព្រមលើកដំបូងចំនួន ១២០សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នាសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧។

ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា បានឡើងរាយការណ៍អំពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់នេះ និងមានសមាជិកព្រឹទ្ធសភាចំនួន ៥រូប បានឡើងមានយោបល់ ព្រមទាំងមានការឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា ពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕