សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំប្រទេសមួយចំនួនទៀត ចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម

នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួម ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិ វៀត ណាម (២ កញ្ញា ១៩៤៥ – ២ កញ្ញា ២០២៥) ដែលពិធីដ៏ធំនេះបានប្រារព្ធធ្វើនៅទីលានបាឌិញក្នុងរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

​ព្រឹត្តិការណ៍ដ៏សំខាន់នេះគឺជាការរំលឹកនិងការចងចាំអំពីវីរភាពក្លាហាន របស់យុទ្ធជន ដែលបានតស៊ូប្រយុទ្ធដើម្បបុព្វហេតុយុត្តិធម៌។ ទឹកចិត្តស្នេហាជាតិនិងពលីកម្មរបស់ពួកគេដើម្បីឆ្ពោះទៅ ទទួលបានសិទ្ធិស្វ័យសម្រេចត្រូវបានចងចាំ និងដឹងគុណជានិច្ច។ ទិវាឯករាជ្យ គឺជាថ្ងៃចាប់ផ្តើមនៃយុគសម័យថ្មី ដែលកំណត់ដោយភាពធន់,ការរួបរួមនិងក្តីសង្ឃឹម។ ថ្ងៃឯករាជ្យជាតិរបស់វៀតណាម កាលពី៨០ឆ្នាំមុន មិនគ្រាន់តែសម្រាប់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែគឺជាកម្លាំងជំរុញសម្រាប់បណ្តាប្រជាជាតិ ក្នុងតំបន់អាស៊ីអាគ្នេយ៍រួមទាំងកម្ពុជាផងដែរ ងើបឈរ ឡើងតស៊ូ ដើម្បីឯករាជ្យ ពីអាណានិគមនិយម ហើយការប្រារព្ធពិធីនេះក៏ជាឱកាសសម្រាប់វៀតណាមរំលឹក និងតបស្នងសងគុណដល់គុណបំណាច់ដែលមិនអាចកាត់ថ្លៃបានរបស់ថ្នាក់ដឹកនាំជើងចាស់វីរយុទ្ធជនពលីជនរួមជាតិ និងសមមិត្តរបស់វៀតណាមដែលបាន ប្រយុទ្ធលះបង់ និងពលីជីវិតសម្រាប់ ឯករាជ្យ។ 

ក្នុងពិធីដ៍មហោឡាឬកនេះ ក៍មានការបង្ហាញ ក្បួនព្យុះហយាត្រា ទាំងស៊ីវិល និងយោធា ដែលមានកងកម្លាំងទ័ព និងកងកម្លាំងសន្តិសុខ សាធារណៈ របស់ វៀតណាម ចូលរួមសរុបជិត ១៦,០០០នាក់។ ដោយឡែកកងទ័ពបរទេសចំនួន៣ប្រទេស ក៍បានចូលរួមផងដែរ ក្នុងនោះមាន កងទ័ពនៃសាធារណរដ្ឋសហព័ន្ធរុស្ស៊ី,កងទ័ពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងកងយោធពលខេមរភូមិន្ទកម្ពុជា។ 

សូមបញ្ជាក់ថា នៅក្នុងពីធីនេះ ក្រៅពីវត្តមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជនកម្ពុជា ក៍មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃប្រទេសមួយចំនួនទៀតក្នុងនោះរួមមាន ឯកឧត្តម ថងលូន ស៊ីសូលី ប្រធានរដ្ឋ ឡាវ និងជាអគ្គលេខាធិការគណបក្សប្រជាជនបដិវត្តឡាវ និងឯកឧត្តម មីហ្គែល ឌីយែស ខានែល បឺមុដេហ្ស (Miguel Diaz-Canel Bermudez) ប្រធានាធិបតីនៃប្រទេសគុយបានិងឯកឧត្តមZhao Leji ប្រធានសភាប្រជាជនចិនផងដែរ៕