អភិបាលខេត្តបន្ទាយមានជ័យ ផ្ញើរទៅអភិបាលខេត្តស្រះកែវ របស់ថៃ ឲ្យរក្សាស្ថានភាពព្រំដែន និងស្ថានភាពប្រជាជនដែលកំពុងរស់នៅនាពេលបច្ចុប្បន្ន ហើយទុកកិច្ចការនេះជូនទៅគណៈកម្មការ GBC និង JBC ដែលជាយន្តការមានសមត្ថកិច្ចក្នុងការដោះស្រាយបញ្ហានេះ។ ការឆ្លើយរបស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ចំពោះករណីលិខិតខេត្តស្រះកែវ ស្នើសុំកិច្ចសហការដោះស្រាយបញ្ហាផ្ទះប្រជាជនកម្ពុជា នៅតំបន់ព្រំដែន ខេត្តបន្ទាយមានជ័យ កម្ពុជា និងខេត្តស្រះកែវ ថៃ។

យោងតាមលិខិតចុះថ្ងៃទី២ ខែកញ្ញា លោក អ៊ុំ រាត្រី បានបញ្ជាក់ប្រាប់ទៅអភិបាលខេត្តស្រះកែវ របស់ថៃ យ៉ាងដូច្នេះថា បញ្ហាខាងលើនេះជាបញ្ហាជាប់ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងព្រំដែន និងការងារវ៉ាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែន ដែលជាសមត្ថកិច្ចរបស់គណៈកម្មាធិការព្រំដែន ទូទៅ កម្ពុជា-ថៃ(GBC) និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា(JBC) នៃប្រទេសទាំងពីរកម្ពុជា-ថៃ ស្របតាមកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការព្រំដែន ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៩៥ និងអនុស្សរៈណនៃការយោគយល់ ស្តីពីការវ៉ាស់វែងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ឆ្នាំ២០០០ (MoU 2000) ។
លោកអភិបាលខេត្តបន្ទាយមានជ័យ បញ្ជាក់ថា ការធ្វើសកម្មភាពដោយឯកតោភាគីណាមួយ ប៉ះពាល់ដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅ និងអាស្រ័យផលក្នុងតំបន់ជាការបំពានដល់ MoU 2000 , កិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជាថៃ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ព្រមទាំងស្មារតីនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) រវាងប្រទេសទាំងពីរ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។
ដោយគោរពយ៉ាងខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀងស្តីពីសហប្រតិបត្តិការព្រំដែន និង MoU 2000 ក៏ដូចជាច្បាប់អន្តរជាតិ ព្រមទាំងការព្រមព្រៀងទាំងឡាយរបស់ប្រទេសទាំងពីរ ទាក់ទងនឹងកិច្ចការព្រំដែន អភិបាលខេត្តបន្ទាយមានជ័យ ស្នើឲ្យអភិបាលខេត្តស្រះកែវ របស់ថៃ រក្សាស្ថានភាពព្រំដែន និងស្ថានភាពប្រជាជនដែលកំពុងរស់នៅនាពេលបច្ចុប្បន្ន ហើយទុកកិច្ចការនេះជូនទៅ GBC និង JBC ដែលជាយន្តការមានសមត្ថកិច្ចក្នុងការដោះស្រាយបញ្ហានេះ។
លោក អ៊ុំ រាត្រី បានប្រាប់ទៅកាន់អភិបាលខេត្តស្រះកែវ របស់ថៃ លោកសង្ឃឹមជឿជាក់ថា បញ្ហាខាងលើនេះ នឹងមានដំណោះស្រាយល្អប្រកបដោយសន្តិវិធីឈរលើគោលការណ៍ច្បាប់អន្តរជាតិ និងនៅក្នុងកិច្ចប្រជុំ GBC និង JBC នាពេលដីខ្លីខាងមុខ។

