សម្តេចតេជោ ហ៊ុន សែន ទទួលបដិសណ្ឋារកិច្ចស្វាគមន៍ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋប្រធានាធិបតីហ្វីលីពីន 

សម្តេចតេជោ ហ៊ុន  សែន ប្រមុខរដ្ឋស្តីទី  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលបដិសណ្ឋារកិច្ចស្វាគមន៍ នូវដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ លោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតីហ្វីលីពីន  និងស្រ្តីទី១ Louise Araneta-Marcos ក្នុងឱកាសដែលបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់ទី ៩ ខែកញ្ញា ឆ្នាំ២០២៥។

ពិធីទទួលបដិសណ្ឋារកិច្ចស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីហ្វីលីពីននាពេលនេះ ធ្វើឡើងនៅវិមានសន្តិភាព នាព្រឹកថ្ងៃចន្ទ ទី៨ ខែកញ្ញា ដែលរៀបចំបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុតពីប្រមុខរដ្ឋស្តីទីនៃកម្ពុជា ជាមួយកងកិត្តិយសត្រែទ័ពនិងមានការចូលរួមពីតំណាងអង្គទូតនានា នៅកម្ពុជា មន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីប្រតិភូសំខាន់ៗនៃប្រទេសហ្វីលីពីនផងដែរ ។ 

បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចស្វាគមន៍ផ្លូវរដ្ឋ  ប្រធានាធិបតីហ្វីលីពីន នឹងជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បន្ទាប់មកនឹងជួបពិភាក្សាការងារបន្តជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងនោះក៏មានពិធីចុះហត្ថលេខា រួមជាមួយនឹងការធ្វើសន្និសីទកាសែតរួមគ្នារវាងមេដឹកនាំប្រទេសទាំងពីរ។

តាមរយៈដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតីហ្វីលីពីន នាពេលនេះ នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងសាមគ្គីភាពព្រមទាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ទាំងប្រទេសនិងប្រជាជន កម្ពុជា-ហ្វីលីពីន៕