ឯកឧត្តម ស សុខា ប្រាប់ពលរដ្ឋភៀសសឹកសូមត្រៀមលក្ខណៈវិលទៅលំនៅដ្ឋានជាបន្តបន្ទាប់ និងចៀសវាងធ្វើដំណើរឆ្លងដែនទៅប្រទេសថៃ

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់ សូមថែរក្សាសុខភាព ត្រៀមលក្ខណៈវិលទៅលំនៅដ្ឋានជាបន្តបន្ទាប់តាមការសម្របសម្រួលរបស់អាជ្ញាធរ ចាប់ផ្ដើមបន្តសកម្មភាពប្រកបរបរចិញ្ចឹមជីវិត ជាពិសេសចៀសវាងធ្វើដំណើរឆ្លងដែនទៅប្រទេសថៃ ដែលប្រឈមគ្រោះថ្នាក់ និងការប្រមាថមាក់ងាយ។ ឯកឧត្តមបានបន្ថែមទៀតថា សម្ដេចធិបតី ដោយមានក្រសួងស្ថាប័នពាក់ព័ន្ធជាសេនាធិការ បាននឹងកំពុងយកចិត្តទុកដាក់អនុវត្ត និងត្រៀមដាក់ចេញផែនការថ្មីៗជាបន្តបន្ទាប់ដើម្បីគាំទ្រដល់ការកសាងជីវភាពថ្មីជូនពលរដ្ឋវិលពីប្រទេសថៃដែលមកដល់ពេលនេះមានប្រមាណជាង៩០ម៉ឺននាក់។ 

ការលើកឡើងរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពេលចុះជួបសំណេះសំណាល និងប្រគល់អំណោយ ជាគ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ ជូនដល់ប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅ មណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម ស្ថិតនៅស្រុកគូលែន ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ។ 

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ចាប់តាំងពីដើមនីតិកាលមក សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំរាជរដ្ឋាភិបាលបន្តវេន ឈានទៅសម្រេចបានសមិទ្ធផលធំៗជូនជាតិនិងប្រជាជនជាបន្តបន្ទាប់ ដោយឈរលើមូលដ្ឋាននៃមរតកដឹកនាំនយោបាយប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ខណៈចុងក្រោយនេះ សម្ដេចធិបតី បានបន្តដឹកនាំជាតិ រួបរួមសាមគ្គីគ្នា យកប្រៀបឈ្នះប្រកបដោយកិត្តិយស ពីអំពើឈ្លានពានទឹកដី យ៉ាងកម្រោលពីសំណាក់កងទ័ពថៃ។ 

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រោមបទបញ្ជាដឹកនាំដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី យុទ្ធជនជួរមុខរបស់ជាតិ ទាំងកម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន បានប្រយុទ្ធទប់ទល់សត្រូវឈ្លានពានប្រកបដោយភាពអង់អាចក្លាហាន ការពារបានយ៉ាងរឹងមាំបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិ ខណៈនយោបាយការទូតក៏ត្រូវបានអនុវត្តយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។ ឯកឧត្តមបន្ថែមថា ស្នាដៃនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ព្រមទាំងសហគមន៍អន្តរជាតិ ទទួលស្គាល់ គាំទ្រ និងផ្ដល់កិត្តិយស ដោយចាត់ទុកកម្ពុជា មានភាពចាស់ទុំ ប្រកបដោយបទពិសោធន៍ និងជារដ្ឋគម្រូ ដែលផ្ដល់តម្លៃខ្ពស់ដល់សន្តិភាពនិងច្បាប់អន្តរជាតិ។ 

ប្រមុខក្រសួងមហាផ្ទៃ ក៏បានជម្រាបជូនដែរថា ការរួបរួមសាមគ្គីគ្នាជាធ្លុងមួយនៃជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសដូចដែលយើងគ្រប់គ្នាបាននឹងកំពុងឃើញនិងចូលរួមនេះ គឺជាមនុញ្ញផលដែលកើតចេញពីទំនុកចិត្ត និងប្រសិទ្ធភាពនៃការដឹកនាំរបស់រាជរដ្ឋាភិបាលបន្តវេន ហើយទំនុកចិត្តនេះបានស្ដែងឡើង តាមរយៈការបញ្ចេញសារសម្លេងតែមួយរបស់ពលរដ្ឋខ្មែរ គាំទ្ររាជរដ្ឋាភិបាល ចូលរួមទាំងស្មារតីនិងជំនួយសម្ភារៈគ្រប់បែបយ៉ាងដល់កម្លាំងជួរមុខ និងដល់បងប្អូនប្រជាពលរដ្ឋជនភៀសសិកជាបន្តបន្ទាប់។ 

ជាក់ស្ដែងនាថ្ងៃនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ដែលក៏ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រៃវែង បានមានប្រសាសន៍ថា រដ្ឋបាលនិងប្រជាជនខេត្តព្រៃវែង ដែលនៅជាប់ព្រំដែនប្រទេសវៀតណាមឯណោះ បានបន្តរួបរួមគ្នាផ្ដល់ការគាំទ្រនៅជំនួយផ្សេងៗជាច្រើន ដោយជំនួយអស់ទាំងនោះ ត្រូវបានដឹករាប់រយគីឡូម៉ែត្រមកកាន់តំបន់ព្រំដែន ដើម្បីជួយដល់យុទ្ធជនជួរមុខ និងជួយជនរួមជាតិដែលបានភៀសសឹក បន្ថែមលើសកម្មភាពដើរដង្ហែរក្បួនគាំទ្ររាជរដ្ឋាភិបាល ដោះស្រាយជម្លោះព្រំដែនប្រកបដោយសន្តិភាព៕