«ដោះមីនមនុស្សធម៌» ជាបច្ចេកសព្ទថ្មីក្នុងបរិបទជម្លោះព្រំដែនកម្ពុជា-ថៃ ក្រោយសង្គ្រាម៥ថ្ងៃដែលថៃឈ្លានពានកម្ពុជា។ រាល់ពេលប្រជុំនានាក្រោយបទឈប់បាញ់ដ៏ផុយស្រួយ ថៃតែងតែរំអុកដាក់កម្ពុជានិងរំអួយដាក់បរទេសរឿងដោះមីន ហើយរឿងត្រូវមីនក៏ជាថៃ រឿងព័ទ្ធបន្លាក៏ជាថៃ រឿងព័ទ្ធផ្ទះព័ទ្ធដីប្រជាពលរដ្ឋខ្មែរក៏ជាថៃ ប៉ុន្តែបច្ចេកសព្ទថ្មីរឿងដោះមីនមនុស្សធម៌ឮសូរជាងគេ។ នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា។
ការលើកឡើងនេះ បន្ទាប់ពីកិច្ចប្រជុំពិសេសលើកទី១ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខេត្តកោះកុង រវាងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងលោក ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ដ្រីស្តីទីក្រសួងការពារជាតិថៃ មានការលើកឡើងករណី ដោះមីនមនុស្សធម៌។
ចំពោះការងារដោះមីនមនុស្សធម៌នៅតាមណ្តោយព្រំដែន កម្ពុជា-ថៃ ភាគីទាំងពីរបានឯកភាពគ្នានឹងរៀបចំឱ្យមាននិយាមនីតិវិធីប្រតិបត្តិ (SOP) ដើម្បីអាចចាប់ផ្តើមកំណត់តំបន់សាកល្បងសម្រាប់ការងារដោះមីន ក្នុងរយៈពេល១ ខែខាងមុខ។ តាមរយៈកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបង្កើតក្រុមការងារសម្របសម្រួលចម្រុះក្នុងរយៈពេល ១ សប្តាហ៍ បន្ទាប់ពីកិច្ចប្រជុំពិសេសនេះ ដែលដឹកនាំដោយលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៃប្រទេសទាំងពីរ ដោយមានការចូលរួមពីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ដើម្បីកំណត់ និងឯកភាពដោយភាគីទាំងពីរ នូវតំបន់អាទិភាពព្រមទាំងសម្រប សម្រួលលើការរៀបចំផែនការ និងអនុវត្តការងារនេះ។ សកម្មភាពនេះ នឹងចូលរួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការការពារដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ៕
