សហរដ្ឋអាម៉េរិក បានប្រគល់ម៉ាស៊ីនថតសួត ឌីជីថលដ៏ទំនើប ចំនួន ៣គ្រឿង ដែលមានតម្លៃ ៣០ម៉ឺនដុល្លារ ដល់កម្មវិធីជាតិប្រយុទ្ធនឹងរបេងរបស់កម្ពុជា។
ពិធីប្រគល់ម៉ាស៊ីនថតសួតនេះ បានធ្វើឡើងកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានវត្តមានលោក Benjamin Chiang ភារធារីស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា និងលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។
ម៉ាស៊ីនទំនើបទាំងនេះ ជាជំនួយរបស់សហរដ្ឋអាម៉េរិក ហើយនឹងពន្លឿនការស្វែងរក និងបង្កើនភាពត្រឹមត្រូវ របស់ជំងឺរបេង ជាពិសេសនៅក្នុងសហគមន៍ដាច់ស្រយាល ដើម្បីសម្រេចគោលដៅបញ្ចប់ជំងឺរបេង នៅឆ្នាំ២០៣០ ដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈ។
ដោយមានការគាំទ្រពីសហរដ្ឋអាម៉េរិក អត្រាកើតជំងឺរបេងនៅក្នុងប្រទេសកម្ពុជាបានធ្លាក់ចុះជិត ៥០ភាគរយក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ។
ជាមួយគ្នានេះសហរដ្ឋអាមេរិកប្តេជ្ញាបន្តធ្វើការរួមគ្នាជាមួយកម្មវិធីជាតិជំងឺរបេង STOP TB Partnership និងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកដូចជា អង្គការ ខាន់ណា និង CHC។