កម្ពុជា បង្ហាញឆន្ទៈពង្រឹងកិច្ចសហប្រតិបត្តិការ និងសមយុទ្ធយោធារួមគ្នាជាមួយចិន

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥បានដឹកនាំគណប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ជំនួបទ្វេភាគីជាមួយ ឯកឧត្តមនាយឧត្តមនាវី តុង ជីន (Dong Jun) រដ្ឋមន្រ្តីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ។

លើទំព័រហ្វេកបុក ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងអំណរគុណមិត្តចិនចំពោះតួនាទីដ៏សំខាន់ក្នុងការសម្របសម្រួលបទឈប់បាញ់រវាងកម្ពុជា និងថៃ ។ ភាគីមិត្តចិន មានឆន្ទៈចង់ឱ្យប្រទេសទាំងពីរអនុវត្តបទឈប់បាញ់ មានការសន្ទនាគ្នាទ្វេភាគី ដើម្បីបង្កើននូវជំនឿទុកចិត្តគ្នា និងមានសន្តិភាពឡើងវិញ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានបន្តថា ចិនគឺជាមិត្តគួរឱ្យទុកចិត្តបំផុតរបស់កម្ពុជា និងជាបងប្អូនល្អដែលចែករំលែកសុខទុក្ខជាមួយគ្នា។ កម្ពុជាមានឆន្ទៈរួមគ្នាជាមួយប្រទេសចិន ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ រួមទាំងការបណ្តុះបណ្តាលសិក្ខាកាម និងសមយុទ្ធរួមគ្នា ដើម្បីរួមចំណែកកសាង​សហគមន៍​វាសនា​រួមគ្នា​កម្ពុជា​-ចិន​ គ្រប់រដូវកាល​ ក្នុង​យុគសម័យ​ថ្មី៕