ADB ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាពី ៦.១% មក៤.៩% ឆ្នាំ២០២៥ ពី ៦.២% មក ៥.០% ឆ្នាំ២០២៦

ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាពី ៦.១% មក៤.៩% សម្រាប់ឆ្នាំ២០២៥ និងពី ៦.២% មក ៥.០% សម្រាប់ឆ្នាំ២០២៦ ដោយឆ្លុះបញ្ចាំងពីបញ្ហាប្រឈមសេដ្ឋកិច្ច ទាក់ទងនឹងភាពតានតឹងភូមិសាស្ត្រនយោបាយជាមួយប្រទេសថៃ និងភាពមិនច្បាស់លាស់ជុំវិញទីផ្សារនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។

បើតាម ADB ក៏មានការរំពឹងទុកអំពីកំណើនរឹងមាំដល់ឆ្នាំ ២០២៦ ដែលជំរុញដោយការបន្តលូតលាស់នៃវិស័យឧស្សាហកម្ម និងលំហូរចូលជាបន្តបន្ទាប់ នៃការវិនិយោគផ្ទាល់ពីបរទេស។ 

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB ចេញផ្សាយពេលថ្មីៗនេះ លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ី ADB ប្រចាំប្រទេសកម្ពុជា បានថ្លែងថា «សេដ្ឋកិច្ចបានបង្ហាញពីភាពធន់ ក្នុងឆមាសទីមួយនៃឆ្នាំ២០២៥។ កំណើនទាបជាងការរំពឹងទុក នៃថ្លៃម្ហូបអាហារ និងការធ្លាក់ចុះនៃថ្លៃប្រេងឥន្ធនៈ បានជួយបន្ទាបអតិផរណា ខណៈដែលសកម្មភាពឧស្សាហកម្មបន្តមានភាពរឹងមាំ។ លោកស្រីបានបន្តថា នាពេលខាងមុខ វាមានឱកាសសម្រាប់ការបន្តងើបឡើងវិញនៃវិស័យសំណង់ និងទេសចរណ៍ ជាមួយនឹងកំណើនជាបន្តបន្ទាប់នៃវិស័យកសិកម្ម ដែលទាំងនេះបង្ហាញពីកំណើនប្រកបដោយតុល្យភាព និងនិរន្តរភាព។

បើតាមរបាយការណ៍របស់ ADB ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ខែកញ្ញា ឆ្នាំ២០២៥ អតិផរណាឆ្នាំលើឆ្នាំបានធ្លាក់ចុះខ្លាំងពី ៦.០% ក្នុងខែមករា មកត្រឹម១.៦% ក្នុងខែមិថុនា។ អតិផរណាត្រូវបានរំពឹងថា នឹងមានជាមធ្យមប្រម៉ាណ២.០% ទាំងនៅក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦។ វិស័យឧស្សាហកម្មនឹងនៅតែជាម៉ាស៊ីនសេដ្ឋកិច្ចនាំមុខគេ។ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ បានកើនឡើង ២២.២% ឆ្នាំលើឆ្នាំ សម្រាប់ឆមាសទីមួយឆ្នាំ ២០២៥ ដែលមួយផ្នែកបានជំរុញដោយអ្នកទិញរបស់អាមេរិក ដែលបានបង្កើនការទិញទុកជាមុន ដោយក្តីបារម្ភពីការដំឡើងពន្ធលើការនាំចូលផលិតផលពីកម្ពុជា។ 

កំណើនវិស័យសេវាកម្មត្រូវបានរំពឹងថានឹងថមថយមកត្រឹម ២.៨% ក្នុងឆ្នាំ ២០២៥ និង ២.៦% ក្នុងឆ្នាំ ២០២៦។ វិស័យទេសចរណ៍បង្ហាញពីការបន្តងើបឡើងវិញ នៅក្នុងឆមាស ទីមួយឆ្នាំ ២០២៥ ជាមួយនឹងការកើនឡើងនៃចំនួនភ្ញៀវទេសចរពីសាធារណៈរដ្ឋប្រជាមានិតចិន។ ប៉ុន្តែភាពតានតឹងនៅតាមព្រំដែនជាមួយប្រទេសថៃដែលកំពុងបន្តកើតមាន នឹងរំខានដល់វិស័យទេសចរណ៍ និងសកម្មភាពនានាក្នុងវិស័យសេវាកម្មទូទៅ នៅក្នុងឆមាសទីពីរនៃឆ្នាំនេះ និងពេលខាងមុខ។

វិស័យកសិកម្មត្រូវបានគេព្យាករថា នឹងកើនឡើងប្រមាណ ១.១% ក្នុងឆ្នាំ ២០២៥ និង ២០២៦ ជំរុញដោយតម្រូវការនាំចេញ ដែលកំពុងបន្ត និងការរំពឹងទុកពីការរួមចំណែករបស់កម្មករកសិកម្ម ដែលបានត្រឡប់មកពីប្រទេសថៃវិញក្នុងឆមាសទីពីរនៃឆ្នាំនេះ។ ការនាំចេញកសិផលបានកើនឡើង១៤.១% ឆ្នាំលើឆ្នាំ នៅឆមាសទីមួយឆ្នាំ ២០២៥ ជំរុញដោយការនាំចេញគ្រាប់ស្វាយចន្ទី និងអង្ករ ដែលជួយប៉ះប៉ូវការធ្លាក់ចុះនៃការនាំចេញដំឡូងមី និងកៅស៊ូ៕