កម្ពុជា ប្តេជ្ញាពង្រឹងបន្ថែមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជា​មួយ​​ចិន ដើម្បីសម្រេចគោលដៅ​កិច្ចសហ​ប្រតិបត្តិការត្បូងពេជ្រ

តាមរយៈសារលិខិតអបអរសាទរ ជូនឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រី ចិន ក្នុងឱកាសដ៏រីករាយ នៃខួបលើកទី ៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជាបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះចំណងមិត្តភាពដែកថែប ដែលកម្ពុជាមានជាមួយចិន។

បើតាមសម្តេច ក្នុងស្មារតីនេះ កម្ពុជា ប្តេជ្ញាពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជំរុញឱ្យសម្រេច បានគោលដៅ នៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ដែលនាំមកនូវវិបុលភាពយូរអង្វែងដល់ប្រជាជនរបស់យើង និងរួមចំណែក ដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ និងពិភពលោក។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងចូលរួមអបអរសាទរដ៏ស្មោះស្ម័គ្រចំពោះឯកឧត្តម លី ឈាង និងប្រជាជនចិន ជាមិត្ត ក្នុងឱកាសដ៏រីករាយ នៃខួបលើកទី ៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់បក្សកុម្មុយនិស្តចិន និងឯកឧត្តម សាធារណរដ្ឋប្រជាមានិតចិន មានការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច-សង្គម គួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប្រាំពីរទសវត្សរ៍កន្លងមកនេះ ដោយសម្រេចបាននូវគោលដៅ ១០០ឆ្នាំ លើកទី១ នៅឆ្នាំ ២០២១ ។

ជាការពិតណាស់ ប្រទេសចិន កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការសម្រេចបាននូវគោលដៅ ១០០ឆ្នាំ លើកទី២ នៅឆ្នាំ ២០៤៩ ក្នុង ពេលដែលប្រទេសចិនកំពុងដើរតួនាទីសំខាន់ និងកាន់តែលេចធ្លោ នៅក្នុងតំបន់ និងអន្តរជាតិ តាមរយៈ គំនិតផ្តួចផ្តើមចម្បងៗ ដែលលើកកម្ពស់ការតភ្ជាប់ ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងសន្តិភាព និង ចីរភាពសកល៕

អត្ថបទ៖ ពុទ្ធិកា