សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម រ៉ូសឺវែល ស្កឺរីត (Roosevelt Skerrit) នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក និងគណៈប្រតិភូជាន់ខ្ពស់ ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារនៅកម្ពុជា នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។

ក្នុងជំនួបនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកដំណើរទស្សនកិច្ចការងារនេះថា ជាកាលានុវត្តភាពដ៏សំខាន់ ដើម្បីពង្រឹង និង ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ សម្តេចបវរធិបតីបានបន្ថែមថា ឆ្នាំនេះគឺជាខួបលើកទី១៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
ឯកឧត្តម រ៉ូសឺវែល ស្កឺរីត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល, ប្រជាជនកម្ពុជា និងសម្តេចបវរធិបតី ដែលបានផ្តល់ការទទួលបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅ និងស្និទ្ធស្នាល។
ឯកឧត្តមនាយករដ្ឋមន្រ្តី បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា ព្រមទាំងបានបង្ហាញជំនឿជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងចក្ខុវិស័យ របស់សម្តេចបវរធិបតី ប្រទេសកម្ពុជានឹងកាន់តែមានការអភិវឌ្ឍរីកចម្រើន និងវិបុលភាព បន្ថែមទៀត។
ជាមួយគ្នានេះ, ឯកឧត្តមបានបង្ហាញការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីដ៏ល្អ និងមានជំនឿជាក់ថា កិច្ចសហប្រតិបត្តិការនឹងកាន់តែរីកចម្រើន និងស៊ីជម្រៅ ថែមទៀត។
ប្រមុខរដ្ឋាភិបាលទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ នាថ្ងៃនេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យសក្តានុពលដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជាតិទាំងពីរ។ ប្រមុខរដ្ឋាភិបាលទាំងពីរបានឯកភាព និងលើកទឹកចិត្តក្រសួង ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគ្នា ឱ្យកាន់តែរឹងមាំថែមទៀត ជាពិសេស តាមរយៈយន្តការពិគ្រោះយោបល់នេះ។
ប្រមុខដឹកនាំទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាអំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមានជាអាទិ៍៖ នយោបាយ-ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ និង ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។
ឆ្លៀតក្នុងឱកាសនោះ, សម្តេចបវរធិបតីបានជម្រាបជូនឯកឧត្តមនាយករដ្ឋមន្ត្រីអំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានគូសបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃដោយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និង សន្ធិសញ្ញាដែលស្រាប់ និងច្បាប់អន្តរជាតិ។ ឯកឧត្តមនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ឯកឧត្តមបានយល់ច្បាស់ពីបញ្ហានេះ និងគាំទ្រចំពោះការដោះស្រាយបញ្ហាព្រំដែននេះដោយសន្តិវិធី។
បន្ទាប់ពីកិច្ចពិភាក្សាប្រកបដោយផ្លែផ្កា ថ្នាក់ដឹកនាំទាំងពីរបានអញ្ជើញជាអធិបតីក្នុងពិធីផ្លាស់ប្តូរ «អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ» ដែលយន្តការនេះនឹងប្រព្រឹត្តទៅរៀងរាល់ពីរឆ្នាំម្តង និងផ្តោតលើប្រធានបទ៖ (១) នយោបាយ ការទូត កុងស៊ុល និងសន្តិសុខ, (២) សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ, និង (៣) វប្បធម៌ បរិស្ថាន ការអប់រំ បណ្តុះបណ្តាល ការស្រាវជ្រាវ និងអភិវឌ្ឍន៍។
