កងពលថ្មើរជើងលេខ៥១ នៃយោធភូមិភាគទី៥ របស់កម្ពុជា នៅយប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ បានផ្ញើលិខិតឆ្លើយតបនឹងសេចក្តីជូនដំណឹងរបស់កងកម្លាំងបូព៌ា នៃកងទ័ពភូមិភាគទី១ ថៃ ស្តីពីការដោះមីននៅតំបន់ភូមិជោគជ័យ (កម្ពុជា) ទល់មុខនឹងតំបន់ភូមិណងចាន់ (ថៃ) និងតំបន់ភូមិព្រៃចាន់ (កម្ពុជា) ទល់មុខនឹងតំបន់ភូមិណងយ៉ាកែវ (ថៃ)។
នៅក្នុងលិខិតរបស់កងពលថ្មើរជើងលេខ៥១ នៃយោធភូមិភាគទី៥ បានបញ្ជាក់ថា បញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥១ សូមធ្វើការឆ្លើយតបទៅនឹងលិខិតដូចដែលមាននៅក្នុងយោងខាងលើរបស់ទីបញ្ជាការកងកម្លាំងបូព៌ាថា៖ យោងតាមចំណុចទី៦ ក្នុងកំណត់ហេតុព្រមព្រៀងនៃ កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ការងារដោះមីនមនុស្សធម៌ នៅតំបន់ព្រំដែនកម្ពុជា-ថៃ ត្រូវអនុវត្តជាជំហានៗដូចខាងក្រោម៖
១៖ ភាគីកម្ពុជា និងភាគីថៃ ត្រូវបង្កើតឱ្យមានក្រុមការងារសម្របសម្រួលចម្រុះ (JCTF) ហើយដែលក្រុមការងារ នេះត្រូវបានប្រកាសជាផ្លូវការ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥។
២៖ បន្ទាប់ពីមានក្រុមការងារ JCTF ភាគីទាំងពីរត្រូវពិភាក្សារៀបចំបង្កើតនិយាមនីតិវិធីប្រតិបត្តិ (SOP)។ រហូតមកដល់ពេលនេះនិយាមនីតិវិធីប្រតិបត្តិ (SOP) ត្រូវបានផ្លាស់ប្តូរកែសម្រួលចំនួន ២ លើករួចមកហើយ។ នៅព្រឹក
ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារ JCTF បានរៀបចំកិច្ចប្រជុំលើកទី២ តាមប្រព័ន្ធ VTC ដើម្បីពិភាក្សាកែសម្រួលលើនិយាមនីតិវិធីប្រតិបត្តិ (SOP) ដោយទទួលបានលទ្ធផលផ្លែផ្កាជាវិជ្ជមានគួរឱ្យកត់សម្គាល់។ ចំណែកចំណុចដែលនៅសេសសល់មួយចំនួនទៀត ភាគីទាំងពីរឯកភាពនឹងបន្តពិភាក្សាគ្នាបន្ថែមទៀត ដើម្បីឈានទៅដល់ការសម្រេចនិយាមនីតិវិធីប្រតិបត្តិ (SOP)។
៣៖ ក្រោយពីមាននិយាមនីតិវិធីប្រតិបត្តិ (SOP) ក្រុមការងារ JCTF នឹងបន្តពិភាក្សា ដើម្បីឈានដល់ការព្រម ព្រៀងគ្នាលើការកំណត់តំបន់អាទិភាព និងទីតាំងសាកល្បងសម្រាប់ការដោះមីនមនុស្សធម៌។
ការជូនដំណឹងស្តីពីការដោះមីននៅតំបន់ភូមិជោគជ័យ (កម្ពុជា) ទល់មុខតំបន់ភូមិណងចាន់ (ថៃ) និងតំបន់ភូមិព្រៃចាន់ (កម្ពុជា) ទល់មុខតំបន់ភូមិណងយ៉ាកែវ (ថៃ) ដែលគ្រោងធ្វើនៅថ្ងៃទី១០ ខែតុលាឆ្នាំ២០២៥ ស្អែកនេះ ដោយទីបញ្ជាការកងកម្លាំងបូព៌ា ធ្វើឡើងមិនស្របនឹងស្មារតីដែលបានសម្រេចនៅក្នុង កិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC)។
ដូចនេះបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ ៥១ ស្នើឱ្យទីបញ្ជាការកងកម្លាំងបូព៌ាផ្អាកសកម្មភាព ដូចដែលមានចែងក្នុងលិខិតជូនដំណឹងខាងលើ ដោយគោរពតាមស្មារតីនៃការព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំ ពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ហើយរង់ចាំការសម្រេចពីថ្នាក់លើ និងតាមបែបបទនីតិវិធីដែលត្រូវកំណត់ដោយនិយាមនីតិវិធីប្រតិបត្តិ (SOP) របស់ក្រុមការងារ JCTF៕
