វិស័យអាកាសចរណ៍ស៊ីវិល ជាកត្តាផលិតកម្មយុទ្ធសាស្ត្រមួយដ៏សំខាន់នៃដំណើរការ អភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចរបស់កម្ពុជា

នៅក្នុងសារាចរ ស្តីពី ការរៀបចំប្រារព្ធទិវាអាកាសចរណ៍ស៊ីវិល៧ធ្នូ នៅកម្ពុជា កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យអាកាសចរណ៍​ស៊ីវិល ត្រូវបានចាត់ទុកថាជាកត្តាផលិតកម្មយុទ្ធសាស្ត្រមួយដ៏សំខាន់នៃដំណើរការ អភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច តាមរយៈការដឹកជញ្ជូនតាមផ្លូវអាកាសជាតិនិងអន្តរជាតិ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញ ការជំរុញសកម្មភាពពាណិជ្ជកម្មនិងទេសចរណ៍ ការលើកកម្ពស់ទំនាក់ទំនងសង្គមរួមចំណែក បង្កើនចំណូលថវិកាជាតិ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញ នូវគោលនយោបាយជាតិស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសឆ្នាំ ២០២៥-២០៣៥ ដើម្បីខិតខំអនុវត្តជាបន្តនូវ គោលនយោបាយ បើកចំហជើងមេឃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញកាលពី ឆ្នាំ១៩៩៩ និងបន្តពង្រឹងសមត្ថភាពនៃការប្រកួតប្រជែង ការ​លើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព ការពង្រីកការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃ ទៅក្នុងតំបន់និងសកលលោក ដោយរំពឹងទុកថា កម្ពុជានឹងមា​នការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវ​អាកាសជាតិនិងអន្តរជាតិ ចំនួន២៥ លាននាក់និងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសចំនួន២០៥ ពាន់តោននៅ ឆ្នាំ២០៣៥ ព្រមទាំងចូលរួមសម្រេចចក្ខុវិស័យរបស់កម្ពុជា​ជាប្រទេសមានចំណូលខ្ពស់​នៅឆ្នាំ២០៥០។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ដើម្បី​ចូលរួមអនុវត្តគោលនយោបាយជាតិស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសឆ្នាំ២០២៥-២០៣៥ និងស្របតាម ស្មារតីរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិដែលបានបង្កើតនិងប្រារព្ធ ទិវាអាកាសចរណ៍ស៊ីវិលពិភពលោក ជារៀងរាល់ឆ្នាំ នៅថ្ងៃទី៧ ខែធ្នូ ក្នុងគោលបំណងប្រារព្ធខួបនៃការចុះហត្ថលេខាអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិល អន្តរជាតិដែលត្រូវបានគេស្គាល់ថាជាអនុសញ្ញាឈីកាហ្គោនិងបង្កើនការទាក់ទាញវិស័យអាកាសចរណ៍ស៊ីវិល ពិភពលោក រាជរដ្ឋា​ភិបាលកម្ពុជាសម្រេចកំណត់យកថ្ងៃទី៧ ខែធ្នូ ជារៀងរាល់ឆ្នាំ ដើម្បីរៀបចំប្រារព្ធ ទិវាអាកាសចរណ៍ស៊ីវិល នៅកម្ពុជា ។